(ភ្នំពេញ)៖ តាមរយៈការអនុវត្តសារាចររបស់រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ លើកទី២ លើមន្ត្រីនិងថ្នាក់ដឹកនាំ ចំនួន ៤៦២រូប ជាលទ្ធផលមិនមាននរណាម្នាក់វិជ្ជមាននោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានបន្តរៀបចំនូវការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើកទី២ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពទាំងអស់ ចំណុះក្រសួងយុត្តិធម៌។
«ក្រោយពីបញ្ចប់ការធ្វើតេស្តរហ័សនេះឃើញថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌សរុបចំនួន ៤៦២ រូប បានមកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ហើយជាលទ្ធផល នៅក្នុងចំណោមអ្នកដែលបានធ្វើតេស្តរហ័សទាំងអស់ គឺមិនមានមន្ត្រីណាម្នាក់ត្រូវបានរកឃើញថាមានវិជ្ជមានមេរោគកូវីដ-១៩ នោះទេ»។ ក្រសួងយុត្តិធម៌ បញ្ជាក់បន្ថែម។
ជាមួយនឹងលទ្ធផលល្អប្រសើរខាងលើនេះ ក្រសួងយុត្តិធម៌នឹងបន្តពង្រឹងការអនុវត្តដោយយកចិត្តទុកដាក់នូវវិធានការសុខាភិបាល និងប្រកាន់ខ្ជាប់នូវវិធានការគន្លឹះ ៣កុំ និង ៣ការពារ ព្រមទាំងបន្តអនុវត្តការធ្វើតេស្តរហ័សរកមេរោគវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានធ្វើតេស្តរហ័សលើកទី១ លើមន្រ្តីរបស់ខ្លួន ជិត ៥០០នាក់ ហើយជាលទ្ធផលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់៕