(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទថ្មី Delta ចំនួន ២៦នាក់ និងអំពាវនាវអ្នកពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័ក ២១ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមយោងតាម សេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកជំងឺកូដ-១៩ ដែលមានផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី Delta នៅក្នុងខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងខាងលើបញ្ជាក់ថា កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ លើពលករចំណាកស្រុកដែលមកពីប្រទេសថៃ ចំនួន ០២ករណី និង ០១ករណីឆ្លងពីក្មួយដែលជាពលករមកពីប្រទេសថៃ។ នៅថ្ងៃទី១៤ និងទី១៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ អ្នកជំងឺកូវីដ-១៩ ខេត្ត រួមជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាល-ខេត្ត បានទទួលលទ្ធផលវិភាគសំណាកអ្នកជំងឺ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រ ចំនួន ០២លើក បានបញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី មានចំនួន ២៦នាក់ ជាពលករចំណាកស្រុកមកពីប្រទេសវៀតណាម ចំនួន ២៥នាក់ និងករណីវិជ្ជមានលើអ្នកប៉ះពាល់ពលករមកពីប្រទេសវៀតណាមអំឡុងពេលចត្តាឡីស័ក ចំនួន ០១នាក់ និងមានករណីសង្ស័យថាមានមេរោគប្រភេទ Delta នេះ មានអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលពុំទាន់ទទួលបានលទ្ធផល។ សរុបមកដល់បច្ចុប្បន្ន ក្នុងខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន ២៩នាក់ ។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ២១ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺ កូវីដ-១៩ ខេត្ត លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៨៨ ៧៨៣ ៦៦៦៦ ។
រដ្ឋបាលខេត្តសំណូមពរ ប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាលថា ខេត្តស្វាយរៀង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវ ទទួលការពិន័យ ព្រមទាំងចូលរួមអនុវត្តតាមការជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពបំផុត៕