(ភ្នំពេញ)៖ សិទ្ធិមនុស្សគឺសម្រាប់មនុស្សជាតិ មិនមែនសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch ឬ HRW) នោះឡើយ។ បញ្ហាសិទ្ធិមនុស្សចាំបាច់ ត្រូវស្វែងយល់ និងដោះស្រាយដោយឈរលើបរិបទ និងដំណាក់កាលនៃការកសាងប្រជាជាតិ និងរដ្ឋនីមួយៗ។ អ្វីដែលសំខាន់បំផុតនោះ គឺបញ្ហាសិទ្ធិមនុស្ស មិនត្រូវយកទៅឡូកឡំរឿងនយោបាយ ដូចដែលអង្គការ HRW បានធ្វើកន្លងមកជាដាច់ខាត។
ដើម្បីយល់ច្បាស់អំពីចរិតរបស់ HRW យើងត្រូវស្វែងយល់អំពីឫសគល់របស់អង្គការនេះជាមុនសិន។ HRW ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ១៩៧៨ កំលុងសម័យសង្រ្គាមត្រជាក់ ដោយមានឈ្មោះថា Helsinki Watch ដើម្បីឃ្លាំមើលការគោរពរបស់អតីតសហភាពសូវៀត ចំពោះកិច្ចព្រមព្រៀងទីក្រុង Helsinki ឆ្នាំ១៩៧៥ ព្រមទាំងដើម្បីត្រួតពិនិត្យ និងរិះគន់វាយប្រហារលើអ្វីដែលត្រូវបានចាត់ទុកថាជា បទឧក្រិដ្ឋផ្សេងៗ ប្រព្រឹត្តដោយអតីតសហភាពសូវៀត និងសម្ពន្ធមិត្ត។
ហេតុនេះហើយ វាបានឈានទៅរកការប្រកួតប្រជែងមនោគមន៍វិជ្ជាសង្រ្គាមត្រជាក់ រយៈពេលរាប់ទសវត្សរ៍ ដែលអនុវត្តដោយអង្គការមួយស្ថិតក្រោមស្លាកឈ្មោះ ជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ HRW ត្រូវបានបង្កើតឡើងដោយផ្អែកលើមនោគមន៍វិជ្ជា និងការឃោសនានយោបាយ។ ជាក់ស្តែងអង្គការ HRW គឺជាអនុផលនៃសង្រ្គាមត្រជាក់ ហើយអង្គការនេះគួរតែលែងមានមូលហេតុអ្វី ត្រូវបន្តប្រតិបត្តិការទៀតឡើយ ក្រោយសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់ទៅ។
នៅកម្ពុជា អង្គការ HRW បានញុះញង់បំពុលបរិយាកាសនយោបាយ និងសង្គម តាមរយៈការប្រឌិតជាប្រចាំនូវព័ត៌មានគ្មានការពិត និងការរិះគន់វាយប្រហារ ដោយមូលដ្ឋានច្បាស់លាស់ ប្រឆាំងនឹងកម្ពុជា ចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៩០មក។ តាមពិតទៅ HRW មើលមិនឃើញឡើយចំពោះ សមិទ្ធផលដែលសម្រេចបាន ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយប្រជាជនរាប់លាននាក់ ឲ្យងើបចេញផុតពីភាពក្រីក្រ។ សិទ្ធិក្នុងការរស់រាន និងមានជីវភាពល្អប្រសើរ គឺជាសិទ្ធិមនុស្ស សំខាន់ជាងគេបង្អស់។ យើងមិនអាចនិយាយពីសិទ្ធិមនុស្សបាននោះទេ ប្រសិនប្រជាជនរងភាពអត់ឃ្លាន ហើយជីវភាពពួកគេស្ថិតក្រោមការគំរាមកំហែង។
អង្គការ HRW ក៏បាននិងកំពុងមើលរំលងដោយចេតនា ចំពោះតួនាទីដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺ COVID-19 ផងដែរ។ ការចាក់វ៉ាក់សាំងនៅកម្ពុជា ទទួលបានអត្រាដ៏អស្ចារ្យមួយ ដោយមនុស្សច្រើនជាង៨លាននាក់ហើយ ក្នុងចំណោមគោលដៅ ១០លាននាក់ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។ ប្រជាជនកម្ពុជាគ្រប់រូប និងជនបរទេសនានា នៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានសិទ្ធិដើម្បីចាក់វ៉ាក់សាំងដូចៗគ្នា ដោយមិនមានការរើសអើង ដោយសារតែនិន្នាការនយោបាយ ឬជាតិសាសន៍នោះឡើយ។ ទាំងនោះគឺជាសិទ្ធិមនុស្ស ដែលអង្គការ HRW គួរតែបានរាយការណ៍ដែរ។ អង្គការ HRW គួរកត់ចំណាំថា ប្រសិនបើមិនមានអភិបាលកិច្ច ដែលប្រកបដោយប្រសិទ្ធភាពទេនោះ យើងមិនអាចគ្រប់គ្រងវិបត្តិ COVID-19 ហើយអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំនិងរហ័ស ដោយប្រសិទ្ធភាពបានឡើយ។
វាច្បាស់ដូចជាថ្ងៃយ៉ាងដូច្នោះថា សមាជិកស្នូលរបស់ HRW ដូចជានាយកប្រចាំតំបន់អាស៉ីរបស់អង្គការនេះ គឺលោក Brad Adams ហើយអនុរបស់ខ្លួនគឺលោក Phil Robertson មានគំនុំផ្ទាល់ខ្លួនជាយូរមកហើយ ប្រឆាំងនឹងថ្នាក់ដឹកនាំរបស់កម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវពួកគេចោទប្រកាន់ ពីការរំលោភសិទ្ធិប្រជាជនកម្ពុជា ដោយពុំមានភស្តុតាង ឬការពិតអ្វីទាល់តែសោះ។ មហិច្ឆតារបស់លោក Brad Adams គឺផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈការបំផុស ឲ្យមានភាពមិនពេញចិត្ត និងភាពមិនជឿទុកចិត្ត ក្នុងចំណោមប្រជាជនចំពោះរដ្ឋាភិបាល។ លោក Adams បានព្យាយាមបំប៉ោងបំផ្លើស និងសូម្បីតែប្រឌិតថែមទៀតផង អំពីស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គម និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
ដើម្បីសម្រេចគោលដៅនេះ អង្គការ HRW បានប្រឌិតរបាយការណ៍ជាច្រើន ដើម្បីបំភាន់មតិសាធារណជនជាតិ និងអន្តរជាតិអំពីកម្ពុជា និងអំពីគណបក្សប្រជាជនកម្ពុជា។ ថ្មីៗចុងក្រោយនេះ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អង្គការ HRW បានចេញផ្សាយឯកសារចំនួន ១៣៧ទំព័រ មានចំណងជើងថា «ជន់លិចក្រោមទឹក៖ ផលប៉ះពាល់សិទ្ធិមនុស្ស នៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន នៅកម្ពុជា»។ វាជាផ្នែកមួយនៃយុទ្ធនាការយូរអង្វែងរាប់ទសវត្សរ៍របស់ HRW ដើម្បីបង្ខូចកិត្តិយសរបស់កម្ពុជា ព្រមទាំងបំផ្លាញកិច្ចប្រឹងប្រែងឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។
របាយការណ៍ខាងលើនេះបានសរសេរថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ បានបង្កឲ្យមានការជម្លៀសជនជាតិភាគតិច ៥,០០០នាក់ ដែលកំពុងរស់នៅក្បែរទីតាំងនោះ ហើយទំនប់វារីអគ្គិសនីនោះទៀតសោត ក៏បានជះផលអវិជ្ជមានទៅលើប្រព័ន្ធអេកូឡូស៊ីជលផល នៅតាមបណ្តោយអាងទន្លេមេគង្គទាំងមូលផងដែរ។
ជាមួយនិងប្រវត្តិដ៏យូរអង្វែង នៃបញ្ហាក្នុងការប្រមូលភស្តុតាង, ការខ្វះព័ត៌មានដែលអាចផ្ទៀងផ្ទាត់, ភាពលំអៀងខាងនយោបាយ និងការវិភាគបែបមនោគមវិជ្ជាកម្រិតខ្ពស់ ដោយងាករេចេញពីភាពត្រឹមត្រូវ ជាអកុសល HRW បានវង្វេងចេញពីគោលបំណងរបស់ខ្លួនក្នុងការបង្កើត «កំណត់ត្រាសិទ្ធិមនុស្សដែលមិនអាចប្រកែកបាន» ហើយគ្មានអ្វីក្រៅពី ការពង្រីកបេសកកម្មរបស់ខ្លួន តាមបែបសង្គ្រាមត្រជាក់ ដែលព្យាយាមសាបព្រួសឲ្យមានការមិនពេញចិត្ត និងការមិនទុកចិត្តជាសាធារណៈ នៅក្នុងផ្នែកផ្សេងៗនៃពិភពលោក។
ការវិនិច្ឆ័យដោយផ្អែកលើភាពជឿជាក់ តែស្ថិតនៅក្នុងមន្ទិលសង្ស័យ, ប្រវត្តិមិនច្បាស់លាស់នៃផ្នែកហិរញ្ញវត្ថុ, ភាពលំអៀងផ្នែកនយោបាយដ៏ងងឹតងងុល, និងវិធីសាស្ត្រស្រាវជ្រាវដ៏គួរឲ្យសង្ស័យ នាំឲ្យរបាយការណ៍ចុងក្រោយរបស់ HRW លើទំនប់ទឹកសេសានក្រោម ២ មើលទៅគួរត្រូវតែបានច្រានចោល ដោយហេតុផលចំនួន២៖
ទី១៖ HRW អះអាងថា ខ្លួនបានសម្ភាសន៍ប្រជាជន ៦០នាក់ នៅក្នុងរបាយការណ៍ដែលខ្លួនសរសេរ ដែលនេះតំណាងឲ្យតែ ១% ប៉ុណ្ណោះ នៃប្រជាជនទាំង ៥,០០០នាក់ ដែលខ្លួនអះអាងថា ត្រូវបានរងគ្រោះដោយទំនប់ទឹកខាងលើនេះ។ ស្ថិតិនេះ គឺពិតជាស្ថិតក្នុងទំហំតូចខ្លាំងណាស់ ដែលមិនគ្រប់គ្រាន់ត្រូវយកមកធ្វើជាភាពទូទៅ ក្នុងការសិក្សាផ្នែកបរិស្ថានដ៏ស៊ីជម្រៅប្រភេទនេះឡើយ។
ម្យ៉ាងវិញទៀត HRW បានបរាជ័យក្នុងការសម្ភាសន៍ មនុស្សភាគច្រើនដែលរស់នៅក្នុងតំបន់ ដែលបានទទួលសំណង សម្រាប់ការផ្លាស់ទីលំនៅរបស់ពួកគេ និងដែលជីវភាពរស់នៅរបស់ពួកគេ បានទទួលផលប្រយោជន៍ពីការសាងសង់សាលារៀនចំនួន ១២, សាលាមត្តេយ្យចំនួន ១២ និង អគារបម្រើប្រយោជន៍សាធារណៈជាច្រើនផ្សេងទៀត ដែលត្រូវបានកសាងឡើង នៅក្នុងគម្រោងនៃទំនប់វារីអគ្គិសនី។
ទី២៖ បើទោះបីជា HRW អះអាងថាខ្លួនជា NGO ឯករាជ្យ ដែលមិនទទួលបានជំនួយពីរដ្ឋាភិបាលប្រទេសនានាក្តី ក៏មុននេះ ភាពលាក់ពុតត្រូវបានបកអាក្រាតទៅហើយ ព្រោះយោងតាមអ្នកឃ្លាំមើល អង្គការមិនមែនរដ្ឋាភិបាល អង្គការ HRW បានទទួលថវិកាជំនួយចំនួន ៩៨៧,៨១៨ដុល្លារពីអង្គការ អុកស្វាំ ណូវីប (Oxfam Novib) ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៨ រួចទៅហើយ។ អង្គការ Oxfam Novib ទទួលជំនួយស្ទើរតែទាំងស្រុងពីរដ្ឋាភិបាលហូឡង់។
ដូចគ្នានេះដែរ នាយកប្រតិបត្តិនៃ HRW លោក Kenneth Roth ត្រូវបានគេរាយការណ៍ថា បានទទួលប្រាក់បរិច្ចាគប្រមាណ ៤៧០,០០០ដុល្លារ ពីមហាសេដ្ឋីអចលនទ្រព្យនៅមជ្ឈិមបូព៌ា ជាថ្នូរនឹងការមិនបញ្ចេញមតិយោបល់ ប្រឆាំងការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) នៅក្នុងតំបន់នោះកាលពីឆ្នាំ២០២០៕
ដោយ៖ សួស យ៉ារ៉ា សមាជិកសភាកម្ពុជា, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១