(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting) រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការ សភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥» ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម តាមប្រព័ន្ធអនឡាញ។
នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់អាយប៉ា ដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ នឹងអញ្ជើញចូលរួមមានដូចជា៖ ពិធីបើក-បិទនៃមហាសន្និបាត កិច្ចប្រជុំគណៈ កម្មាធិការស្រ្តីអាយប៉ា កិច្ចប្រជុំរបស់អ្នកនយោបាយសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
បើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា, អន្តរសភាអាស៊ានជាការប្រមូលផ្តុំសំឡេង ប្រជាពលរដ្ឋក្នុងសហគមន៍ អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ សហគមន៍អាស៊ានតែមួយ។ មហាសន្និ បាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតាំង៕