(ភ្នំពេញ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានផ្ញើលិខិតថ្លែងអំណរគុណ ដល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ ដែលបានឧបត្ថម្ភទឹកសុទ្ធវីតាល់ ៣៦០០កេស សាប៊ូលាងដៃ និងសាប៊ូដុសខ្លួន ៤៧០០កញ្ចប់ ដល់រដ្ឋបាលខេត្តទាំងពីរ ដើម្បីបន្តយកចែកជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លិខិតរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ និងបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អំណោយដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ជាពិសេសការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ-១៩ ក្នុងហគមន៍ក្នុងទ្រង់ទ្រាយធំ ដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី នាពេលខាងមុខនេះ»។
ដោយមើលឃើញថា ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលជាខេត្តនៅជាប់ព្រំដែនប្រទេសថៃ មានពលករខ្មែររាប់ពាន់នាក់ ត្រឡប់ពីប្រទេសថៃជាច្រើនក្នុងមួយថ្ងៃៗ ហើយមនុស្សរាប់ពាន់នាក់ ដែលតម្រូវឱ្យធ្វើចត្តាឡីស័កនោះ ខ្វះខាតទឹកស្អាតទទួលទាន សាប៊ូលាងដៃ និងសាប៊ូដុសខ្លួន ដើម្បីរក្សាសុខភាព និងអនាម័យ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឧបត្ថម្ភទឹកសុទ្ធវីតាល់ សាប៊ូលាងដៃ និងសាប៊ូដុសខ្លួនជាច្រើន ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីបន្តយកទៅចែកជូនពលករទាំងនោះ។
ក្នុងចំណោមអំណោយទាំងអស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឧបត្ថម្ភទឹកសុទ្ធវីតាល់ចំនួន ២៥០០កេស ព្រមទាំងសាប៊ូលាងដៃ និងសាប៊ូដុសខ្លួនចំនួន ២៥០០កញ្ចប់ សម្រាប់ពលករធ្វើចត្តាឡីស័ក ចំនួន ៥០០០នាក់ នៅខេត្តបន្ទាយមានជ័យ និងទឹកសុទ្ធវីតាល់ចំនួន ១១០០កេស និងសាប៊ូលាងដៃ និងសាប៊ូដុសខ្លួន ២២០០កញ្ចប់ សម្រាប់ពលករធ្វើចត្តាឡីស័ក ចំនួន ២២០០នាក់ នៅខេត្តឧត្តរមានជ័យ។ ជំនួយឧបត្ថម្ភនេះដែរ សម្រាប់ជួយពលករខ្មែរ ក្នុងការអនុវត្តវិធានការអនាម័យ និងជាសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។
លោក ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងឧបនាយករដ្ឋមន្ត្រី បានប្រគល់អំណោយទាំងអស់ ដល់លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ នៅថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩៖០០ព្រឹក នៅទីធ្លាអាគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងនាមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោក ជេត ណារ៉ែន បានផ្តាំផ្ញើដល់រដ្ឋបាល ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ពេលយកអំណោយ ទៅចែកជូនពលករក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវបន្តក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ-១៩។
សូមរំលឹកដែរថា ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលដាលក្នុងប្រទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជានិច្ចកាលតែងតែឧបត្ថម្ភថវិកា និងសម្ភារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ដែលបានផ្ដល់ម៉ាស់រាប់ម៉ឺនបន្ទះកន្លងមក ជូនខេត្តកំពង់ចាម ស្វាយរៀង បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម៕