(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តយីឌុបដឹកដីមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នទាក់ខ្សែភ្លើងទទឹងផ្លូវបណ្តាលឱ្យបាក់បង្គោលភ្លើងចំនួន២ដើម សង្កត់ផ្ទះប្រជាពលរដ្ឋ និងដាច់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវក្រវាត់ក្រុង (ហៅផ្លូវ ៥០ម៉ែត្រ) ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយបានឃើញបុរសម្នាក់បើករថយន្តយីឌុបដឹកដី ពាក់ស្លាកលេខ កណ្តាល 3A-2538 មិនបានទម្លាក់បែននៅពីក្រោយឡើយ ដោយបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីស្តុបព្រៃសឆ្ពោះមកស្តុបបាគូ ពេលមកដល់ចំណុចកើតហេតុស្រាប់តែ ទាក់ខ្សែភ្លើងដែលរាយកាត់ទទឹងផ្លូវជាមួយនឹងបែនរថយន្តបណ្តាលអោយបាក់បង្គោលភ្លើងពីរដើ, ដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងលើដំបូលផ្ទះប្រជាពលរដ្ឋថែមទៀតផង។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ប៉ុន្តែខូចខាតបង្គោលភ្លើងពីរដើម, ដំបូលនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ ហើយបានដាច់ចរន្តអគ្គិសនីប្រើប្រាស់មួយផ្នែក នៃមូលដ្ឋានខណ្ឌដង្កោ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយមានករណីនេះតៃកុងរថយន្ត បានព្យាយាមបើកគេចតែត្រូវអ្នកឃើញហេតុការណ៍ដេញតាមឃាត់បានតែរថយន្តចំណែកតៃកុងចុះរត់កាត់វាលស្រែបាត់ស្រមោលតែងម្តង។
បន្ទាប់ពីពិនិត្យជាក់ស្តែងខាងតំណាងរថយន្តបង្កហេតុ បានចុះមកសម្របសម្រួលសុំដោះស្រាយជួសជុលឡើងវិញ នៅសម្បត្តិរដ្ឋ និងសម្បត្តិឯកជនដែលរងការខូចខាតក្នុងហេតុការណ៍ចរាចរណ៍នេះ ដើម្បីបញ្ចប់រឿង៕