(សៀមរាប)៖ កាលពីថ្ងៃទី១៧ ខែសីហា រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានចាប់សត្វតុកកែចំនួន ៩៨៤ក្បាល ពីឈ្មួញដឹកឈើខុសច្បាប់ តាមរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ។ ភាគីក្រុមហ៊ុនរថយន្តបានលើកឡើងថា អាជ្ញាធរបានជំរិតទារប្រាក់ ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង។

លោក ម៉ុង ប៊ុនលីម ប្រធានរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានប្រាប់ Fresh News នៅថ្ងៃទី១៨ ខែសីហានេះថា កម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលមានបង្កប់សត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សត្វតុកកែដែលចាប់នោះមានចំនួន ២កេស ស្មើនឹង ៩៨៤ក្បាល។

លោក ម៉ុង ប៊ុនលីម បានបន្តទៀតថា រថយន្តដឹកសត្វតុកកែខុសច្បាប់នេះ បានដឹកពីខេត្តព្រះវិហារមក។ លុះមកដល់ខេត្តសៀមរាប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីឃាត់។ លោកបន្តថា ការដឹកសត្វតុកកែ វាខុសនិងច្បាប់ ពីព្រោះវាជាសត្វ ប្រភេទថនិកសត្វ មានដូចជា ថ្លែន បង្គួយ ដែលខុសនឹងមាត្រា៩៦ ចំណុច១៩ ត្រូវពិន័យអន្តរការណ៍។

លោក ម៉ុង ប៊ុនលីម បានបន្ថែមទៀតថា ចំពោះសត្វតុកែ ដែលរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បាន តាមច្បាប់ព្រៃឈើ រាល់សំណាក ឬក៏វត្ថុដែលមិនអាចទុកបាន គឺត្រូវដុតចោល ឬក៏ជីកដីកប់ចោល។ បច្ចុប្បន្នកំពុងរក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីនៅឡើយ។

ជាមួយគ្នានេះ លោក ម៉ុង ប៊ុនលីម ក៏បានច្រាលចោលការចោទប្រកាន់របស់ក្រុមហ៊ុនដែលថា រដ្ឋបាលព្រៃឈើរបស់លោកបានជំរិតទារប្រាក់ពីក្រុមហ៊ុនចំនួន ៣ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមដោះលែងរថយន្ត។ លោកបញ្ជាក់ថា «មិនដូចការចោទប្រកាន់នោះទេ មន្ត្រីខ្ញុំគ្រាន់តែនិយាយថា ទំនិញដឹកខុសច្បាប់នេះ បើយកទៅថ្លឹងគិតជាគីឡូ ស្មើនឹងប្រាក់ផាកពិន័យប្រហាក់ប្រហែល ៣ម៉ឺនដុល្លារ»។

គួរបញ្ជាក់ផងដែរ នេះមិនមែនជាករណីលើកទីមួយទេ ដែលរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីបង្ក្រាបបាននោះ ចំពោះការជួញដូរសត្វតុកែ។ កាលពីប៉ុន្មានឆ្នាំមុនរដ្ឋបាលព្រៃឈើ បានបង្ក្រាបបទល្មើសដឹកតុកកែខុសច្បាប់បានចំនួនពីរករណីរួចមកហើយដែរ ដោយករណីខ្លះដឹកសត្វតុកកែទាំងរស់ និងករណីខ្លះទៀតគេបានឆ្អើររួច៕