(ភ្នំពេញ)៖ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមមីយ៉ាន់ម៉ា តាមរយៈលោក Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅប្រទេសមួយនេះ។

លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹងប្រជាជន កាកបាទក្រហម ក៏ដូចជារដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមមីយ៉ាន់ម៉ា និងក្រុមគ្រូពេទ្យមីយ៉ាន់ម៉ា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតប ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា។

លោកស្រីបានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា តែងតែគិតគូរ ចែករំលែកក្តីស្រឡាញ់ ធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបទពិសោធន៍ដល់សមាគមជាតិជាបងប្អូន ដែលជួបការលំបាកក្នុងស្ថានភាពគ្រោះធម្មជាតិ ឬវិបត្តិភ័យផ្សេងៗ។

ជាការឆ្លើយតប លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ជំនួសមុខឱ្យកាកបាទក្រហមមីយ៉ាន់ម៉ា រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកាសប្បុរសធម៌ដល់មីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។

លោកបានគូសបញ្ជាក់ថា «កម្ពុជាជាប្រទេសមួយតូច ប៉ុន្តែមានបេះដូងធំ។ កម្ពុជា និងមីយ៉ាន់ម៉ា ជាមិត្តពិតប្រាកដ។ យើងមានទំនៀមទំលាប់ ប្រពៃណី សាសនា ប្រហាក់ប្រហែលគ្នា។ មីយ៉ាន់ម៉ា នឹងបន្តខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងរក្សាទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។ ដោយឡែក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម តាមរយៈស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ៕