(កណ្ដាល)៖ ប្រជាពលរដ្ឋរស់តំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឮ ចំនួន៣ឃុំ ទទួលបានអណ្ដូងទឹក និងអំណោយពីអាជ្ញាធរខេត្តកណ្ដាល។
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងស្រុកពញាឮ នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកណ្ដាល បានថ្លែងថា ដោយពិនិត្យឃើញប្រជាពលរដ្ឋរស់នៅឃុំចំនួន៣ ក្នុងស្រុកកណ្ដាលស្ទឹង និងឃុំឈ្វាំង ស្រុកពញាឮ រស់តំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ ទើបរដ្ឋបាលខេត្តបានសម្រេចផ្ដល់នូវអណ្ដូងទឹកដល់ស្រុកកណ្ដាលស្ទឹង ចំនួន៣ និងស្រុកពញាឮ ចំនួន៤។
ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានស្នើដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីសម្របសម្រួលតបណ្តាញប្រព័ន្ធទឹកស្អាតឱ្យប្រជាពលរដ្ឋយើងប្រើប្រាស់។
ឆ្លៀតនាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានស្នើដល់រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត តាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ដោយរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយត្រូវបន្តការពារខ្លួនរបស់យើងពីជំងឺកូវីដ១៩ ពិសេសប្រភេទថ្មី Delta ទោះបីនៅ កន្លែងណាក៏ដោយ។ ពិសេសអនុវត្តអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាយ័ន្តដ៏ស័ក្តិសិទ្ធិ គឺ៖ «៣ការពារ និង៣កុំ»។
ទន្ទឹមនេះរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយអនុវត្តកិច្ចការនេះ ជាប្រចាំដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋាន ពិសេសត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តនូវលក្ខណៈសម្បត្តិទាំង៩ ចំណុចរបស់ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានល្អប្រសើរផងដែរ៕