(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បង្ហាញពីកម្រិតនៃកម្មរស្មីយូវី (UV) ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សទូទៅ។
ដូច្នេះ ដើម្បីការពារសុខភាពមនុស្ស ក្រសួងបានបង្ហាញពីសន្ទស្សន៍កាំរស្មីយូវី (UV) ពណ៌ ក្រាហ្វិក កម្រិតហានិភ័យ និងការណែនាំសម្រាប់ការពារសុខភាពសាធារណៈដូចតទៅ៖
*ពណ៌បៃតង ជាកម្រិតទាប សន្ទស្សន៍កាំរស្មីយូវី (UV) ពី០ ទៅ២ មានគ្រោះថ្នាក់ទាបសម្រាប់មនុស្សទូទៅ។ ចូរពាក់ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ ប្រសិនបើអ្នកងាយរងឥទ្ធិពលដោយសារពន្លឺព្រះអាទិត្យ ប្រើឡេការពារកម្តៅថ្ងៃ SPF 30+។
*ពណ៌លឿង ជាកម្រិតមធ្យម សន្ទស្សន៍កាំរស្មីយូវីពី៣ ទៅ៥ មានហានិភ័យកម្រិតមធ្យមពីកាំរស្មីយូវីពន្លឺព្រះអាទិត្យ។ ត្រូវស្ថិតនៅក្នុងម្លប់នៅពេលថ្ងៃត្រង់ ជាពេលដែលព្រះអាទិត្យមានពន្លឺខ្លាំងបំផុត។ ប្រសិនបើនៅខាងក្រៅចូរស្លៀកសម្លៀកបំពាក់វែង ពាក់ស្រោមដៃដែលការពារកម្តៅថ្ងៃ ពាក់មួកដែលមានហាមធំនិងពាក់វ៉ែនតាការពារកាំរស្មីយូវី។ លាបឡេការពារកម្តៅថ្ងៃ SPF 30+ រៀងរាល់ ១.៥ម៉ោង សូម្បីតែពេលមានពពក និងក្រោយពេលហែលទឹក ឬបែកញើស។
*ពណ៌លឿងទុំ ជាកម្រិតខ្ពស់ សន្ទស្សន៍កាំរស្មីយូវីពី ៦ ទៅ៧ មានហានិភ័យខ្ពស់ នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ។ ត្រូវប្រើប្រាស់ឧបករណ៍ និងផលិតផលការពារការរលាកស្បែក និងភ្នែក គឺជាការចាំបាច់។ ត្រូវកាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យចន្លោះពីម៉ោង១០ ទៅ៤រសៀល។ ប្រសិនបើនៅខាងក្រៅស្វែងរកម្លប់ជ្រក ស្លៀកសម្លៀកបំពាក់វែង ពាក់ស្រោមដៃដែលការពារកម្តៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។ លាបឡេការពារកម្តៅថ្ងៃ SPF 30+ រៀងរាល់ ១.៥ម៉ោងម្តង សូម្បីតែពេលមានពពក និងក្រោយពេលហែលទឹក ឬបែកញើស។
*ពណ៌ក្រហម ជាកម្រិតខ្ពស់ខ្លាំង សន្ទស្សន៍កាំរស្មីយូវីពី ៨ ទៅ១០ មានន័យថា មានហានិភ័យខ្ពស់ពេលដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ ប្រុងប្រយ័ត្នខ្ពស់ និងការពារបន្ថែមចំពោះស្បែក និងភ្នែក។
ត្រូវកាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យចន្លោះពីម៉ោង១០ ទៅ៤រសៀល។ ប្រសិនបើនៅខាងក្រៅស្វែងរកម្លប់ជ្រក ស្លៀកសម្លៀកបំពាក់វែង ពាក់ស្រោមដៃការពារកម្តៅថ្ងៃ ពាក់មួកដែលមានហាមធំនិងពាក់វ៉ែនតាការពារកាំរស្មីយូវី។ លាបឡេការពារកម្តៅថ្ងៃ SPF 30+ រៀងរាល់ ១.៥ម៉ោងម្តង សូម្បីតែពេលមានពពកនិងក្រោយពេលហែលទឹក ឬបែកញើស។
*ពណ៌ស្វាយ ជាកម្រិតខ្ពស់ខ្លាំងណាស់ សន្ទស្សន៍កាំរស្មីយូវីចំនួន១១ ឬច្រើនជាងនេះមានន័យថាមានគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលដែលស្ថិតក្រោមពន្លឺព្រះអាទិត្យយូរ។ សូមប្រយ័ត្នទាំងអស់គ្នាចំពោះស្បែកនិងភ្នែក។ ជៀសវាងការប៉ះពាល់នឹងកម្តៅថ្ងៃចន្លោះម៉ោង ១០ និង៤ល្ងាច។
ប្រសិនបើនៅខាងក្រៅស្វែងរកម្លប់ជ្រក ស្លៀកសម្លៀកបំពាក់វែង ពាក់ស្រោមដៃការពារកម្តៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។ លាបឡេការពារកម្តៅថ្ងៃ SPF 30+ រៀងរាល់ ១.៥ម៉ោងម្តង សូម្បីតែពេលមានពពក និងក្រោយពេលហែលទឹក ឬបែកញើស។ ផ្ទៃភ្លឺដូជា៖ ខ្សាច់ ទឹក និងព្រិល ធ្វើឱ្យឥទ្ធិពលកាំរស្មីយូវី កើនឡើង។ លាបឡេការពារកម្តៅថ្ងៃ SPF 30+ រៀងរាល់ ១.៥ម៉ោង សូម្បីតែនៅថ្ងៃពពក និងក្រោយពេលហែលទឹក ឬបែកញើស។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្ដីជូនដំណឹងថា យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឱ្យឃើញថា «ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១ នៅតំបន់ឥណ្ឌូចិននឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០» ដែលជាកម្រិតឱ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល)។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា «ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដូច្នេះសាធារណជនត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើនេះ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល៕