(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពី លោកស្រី ហួង គួយអ៊ីន និងលោក តៃ ចាំងហួរ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
លោកស្រី ម៉ែន សំអន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ ជាស្បៀងអាហារ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅខេត្តស្វាយរៀង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។
តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុក្ខផ្គត់ផ្គង់ដល់ពលករខ្មែរ ធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង ក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះ។
ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងដែលទទួលបាននាពេលនេះរួមមាន៖
*ទី១៖ អង្ករ២៥គីឡូក្រាម ចំនួន១០០បេ
*ទី២៖ ម៉ាស់ ១០កេស
*ទី៣៖ អាល់កុល ១០០ដប
*ទី៤៖ ត្រីខ ១០០យួរ
*ទី៥៖ មី ១០០កេស
*ទី៦៖ ស្ករស ១គីឡូក្រាម ១០០កញ្ចប់
*ទី៧៖ អំបិល ១គីឡូក្រាម ១០០កញ្ចប់
*ទី៨៖ ប៊ីចេង ៥០០ក្រាម ១០០កញ្ចប់
*ទី៩៖ ទឹកត្រី ២០០ដប៕