(កំពង់ឆ្នាំង)៖ អង្ករចំនួន១៨តោន របស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ឆ្នាំង ត្រូវបានលោក ប៉ា សុខុម អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅផ្តល់ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

នៅក្នុងពិធីនេះលោក វន ស៊ីផា អភិ បាលស្រុកសាមគ្គីមានជ័យ បានរាយការណ៍ឱ្យដឹងថា ស្រុកសាមគ្គីមានជ័យ មាន៩ឃុំ និងមានភូមិចំនួន ៩០ភូមិ។ នៅក្នុងស្រុកសាមគ្គីមានជ័យ និងមានមណ្ឌលចត្តាឡីស័ក ចំនួន៤កន្លែង បច្ចុប្បន្ន កំពុងត្រៀមបន្ទប់ចំនួន ២៩បន្ទប់បន្ថែមទៀត នៅក្នុងសាលារៀន ដើម្បីទុកដាក់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក។ ដោយឡែកក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ មកដល់ថ្ងៃនេះមានចំនួន ២៥៣នាក់ និងបានស្លាប់ចំនួន៧នាក់។

នៅក្នុងឱកាសនោះលោក ស៊ុន សុវណ្ណរិទ្ធ បានថ្លែងថា ថ្ងៃនេះរដ្ឋបាលស្រុកបានទទួលអង្ករចំនួន១៨តោន ជាអំណោយរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលត្រូវផ្ដល់ជូនរដ្ឋបាលឃុំ ក្នុងមួយឃុំ ចំនួន ២តោន ដើម្បីត្រៀមទុកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រកំពុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗនៅតាមមូលដ្ឋាន។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើផងដែរដល់អាជ្ញាធរឃុំទាំងអស់សូមយកចិត្តទុកដាក់ផ្សព្វផ្សាយណែនាំរបស់ក្រសួសុខាភិបាល និងអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាប្រឆាំងទប់ស្កាត់កាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ជាមួយគ្នានេះដែរ លោក ប៉ា សុ ខុម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំទាំង៩ឃុំ សូមយកអំណោយខាងលើនេះ ទៅចែកជូនដល់ប្រជាព លរដ្ឋក្រីក្រ ដែលជួបការលំបាកក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗទៀត នៅគ្រប់មូលដ្ឋានឱ្យចំគោលដៅ និងឱ្យបានទាន់ពេលវេលា ដោយមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ៕