(ភ្នំពេញ)៖ ក្រសួងស្ថាប័បននានារបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមិនមានការជ្រើសរើសមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្របខណ្ឌនោះទេ នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ លើកលែងតែក្រសួងសុខាភិបាលមួយប៉ុណ្ណោះ ដោយសារតែការបន្តរីករាលដាលជំងឺកូវីដ១៩។នេះបើតាមរបស់សេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ក្នុងបរិការណ៍នៃការអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លើលិខិតចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, «សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្រ្តីថ្មីរបស់គ្រប់ក្រសួង-ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ»

កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការជ្រើសរើសមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រាប់អាវុធ ម្តងរួចទៅហើយ ដើម្បីកាត់បន្ថយការចំណាយ និងសន្សំថវិកាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយនៅឆ្នាំ២០២១ ទើបចាប់ផ្តើមជ្រើសរើសឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ លោក យ៉ក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ។

លោកបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា មានមន្រ្តីរាជការស៊ីវិលប្រមាណ២២ម៉ឺននាក់។ ចំនួននេះមិនទាន់បូកបញ្ចូលកងកម្លាំងប្រដាប់អាវុធនៅឡើយទេ៕