(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានរៀបចំកម្មវិធី «ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS» ជូនថ្នាក់ដឹកនាំ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន១១ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីនេះ ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី មកពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាលបន្ថែមថ្មី ចំនួន៩១រូប។
ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ាន សាហ៊ីប បានលើកឡើងថា បើទោះបីជាសាកលលោក រួមទាំងកម្ពុជា កំពុងតែជួបប្រទះនូវវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាល មិនបានរាថយ ឬបន្ថយល្បឿនក្នុងការងារកែទម្រង់ និងការអនុវត្តនូវគោលនយោបាយ អភិវឌ្ឍប្រទេសជាតិ និង សង្គមនោះឡើយ។
ផ្ទុយទៅវិញ រាជរដ្ឋាភិបាលមានតែខិតខំក្នុងការបង្កើតនូវកាលានុវត្តភាពថ្មីៗ ចេញពីវិបត្តិនេះ សម្រាប់ជាការជំរុញកិច្ចការងារនានា ឱ្យកាន់តែសកម្មឡើង ដើម្បីរក្សាឱ្យបាននូវលំនឹងសេដ្ឋកិច្ច និងព្យាយាមរក្សានូវកំណើន ប្រកបដោយចីរភាព សម្រាប់រយៈពេលវែង ស្របពេលនឹងការទប់ទល់ទៅនឹងវិបត្តិសកលនេះ ប្រកបដោយភាពជឿជាក់ ។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ពីតួនាទីសំខាន់ និងមិនអាចខ្វះបានរបស់ប្រព័ន្ធ FMIS នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល ព្រមទាំងក្នុង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ក្នុងការចូលរួមចំណែកជាមូលដ្ឋាន សម្រាប់ឈានឆ្ពោះទៅរកការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឱ្យសម្រេចបានតាមគោលដៅ ដើម្បីប្រជែងឈ្នះជាមួយបណ្តាប្រទេស ក្នុងតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា ស្របតាម «ផែនការពង្រីកប្រព័ន្ធ FMIS ជំហានទី២, ២០១៧-២០២០» ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ថែមរួចរាល់ នៅក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ និងរតនាគាររាជធានី ខេត្តទាំង២៥ ដែលមានអ្នកប្រើប្រាស់សរុបជាង ១,១៦២រូប។
ប្រព័ន្ធ FMIS ត្រូវបានបន្តពង្រីកការធ្វើសន្ធានកម្មទិន្នន័យជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធអេឡិចត្រូនិកគយ, ប្រព័ន្ធគ្រប់គ្រង បំណុលសាធារណៈ, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និងប្រព័ន្ធធនាគាររបស់ធនាគារជាតិ នៃកម្ពុជា និងធនាគារពាណិជ្ជជាដៃគូ។
ដោយឡែក សម្រាប់ «ផែនការពង្រីកប្រព័ន្ធ FMIS ជំហានទី ៣, ២០២១-២០២៥» ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះមុខងារបន្ថែមថ្មីចំនួន២ គឺមុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ បានអភិវឌ្ឍរួចរាល់ និងដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកិច្ចការនារី ក្នុងឆ្នាំ២០២១នេះ។
ទន្ទឹមនេះ ក្រុមការងារក៏បានអនុវត្តសកម្មភាពជាច្រើន រួមមាន ការសិក្សាពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និងនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS, ការសិក្សាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងការកំណត់ឈ្មោះអ្នកប្រើប្រាស់ប្រព័ន្ធ ដើម្បីត្រៀមក្នុងការពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងឆ្នាំ២០២២ខាងមុខ។
តាមរយៈការអនុវត្តគម្រោង FMIS កន្លងមក លោក ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលក្រុមការងារសម្រេចបាន ក្នុងនោះក៏ទទួលបានការទទួលស្គាល់ពីដៃគូអភិវឌ្ឍ ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), សហភាពអឺរ៉ុប, ធនាគារពិភពលោក ជាដើម ជុំវិញវឌ្ឍនភាព នៃគម្រោង FMIS ដែលជាចលករដ៏សំខាន់មួយ ក្នុងការជំរុញការអនុវត្តថវិកានៅតាមក្រសួង-ស្ថាប័ន, អង្គភាពចំណាយ ឱ្យកាន់តែមានក្រឹត្យក្រម និងវិន័យក្នុងការចាយវាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពដែលគោលដៅចុងក្រោយ គឺដើម្បីឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងតាមតម្រូវការ៕