(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកាគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកលើកដែក ខេត្ដកណ្ដាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញ ក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងមន្ដ្រីគណៈពង្រឹងមូលដ្ឋានឃុំ ព្រែកដាច់ ស្រុកលើដែក ខេត្ដកណ្ដាល បានប្រព្រឹត្ដិទៅនៅទីស្នាក់ការ គណៈកម្មាធិការបក្សស្រុកលើកដែក ។
លោកស្រី ឃួនសុដារី បានថ្លែងថា ការកែសម្រួលភារកិច្ច និងតែងតាំងមន្ដ្រីពង្រឹងមូលដ្ឋាន ឃុំព្រែកដាច់ ពេលនេះ បានប្រព្រឹត្ដទៅស្របពេលដែល សភាពការណ៍មូលដ្ឋានស្រុក។
ក្នុងឱកសនោះផងដែរ លោកស្រី ឃួនសុដារី បានបន្ដដំណើរចុះសួរទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋប្រជាកសិករ កំពុងប្រមូលកសិផល យ៉ាងមមាញឹកនៅភូមិ តាហ៊ីង ស្ថិតក្នុងឃុំព្រែកដាច់ ស្រុកលើកដែកខេត្ដកណ្ដាល ពេលដែលសភាពការណ៍មូលដ្ឋាន ស្រុកលើកដែក កំពុងមានការវិវត្ដរីកចំរើន និងធ្វើឲ្យជីវភាពរស់នៅ ប្រជាពលរដ្ឋប្រែមុខមាត់ថ្មីមួយ គួរឲ្យកត់សម្គាល់។
លោកស្រីបានថ្លែងថា គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីរំដោះជាតិ និងសង្គ្រោះប្រជាពលរដ្ឋ រួចផុតពីការកាប់សម្លាប់ នៃរបបប៉ុលពត រហូតមកបច្ចុប្បន្ននេះ គឺបានដើរតួនាទីជាស្នូលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ សំដៅធ្វើឲ្យកាន់តែមានភាពល្អប្រសើរឡើង នូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
លោកស្រីបន្ដថា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សុទ្ធតែមានឆន្ទះពិតប្រាកដ ក្នុងការបំរើប្រជាជនដែលមានរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្សច្បាស់លាស់ ចាប់ពីថ្នាក់កណ្ដាល រហូតដល់មូលដ្ឋាន។
លោកស្រីក៏បានផ្ដាំផ្ញើរដល់មន្ដ្រីគណៈពង្រឹង និងមន្ដ្រីបក្សមូលដ្ឋានទាំងអស់ ត្រូវបំរើឲ្យបានតាមសំណូមពរ និងតម្រូវការជាក់ស្ដែង របស់ជាប្រជាពលរដ្ឋ ហើយត្រូវមានភាពស្មោះត្រង់ ដោយប្រព្រឹត្ដតែអំពើល្អជានិច្ច ប៉ុន្ដែគណបក្សប្រជាជន ប្រឆាំងដាច់ខាតរាល់ទង្វើណា ក្នុងគោលបំណង ផ្ដួលរំលំរាជរដ្ឋាភិបាល ដែលផ្ទុយពីឆន្ទះប្រជាពលរដ្ឋដូចជា ការធ្វើបដិវត្ដពណ៌ជាដើម៕