(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងផ្តាំផ្ញើ ដល់និស្សិតអាហារូបករណ៍ជប៉ុន JDS ឱ្យមានការអត់ធ្មត់ គោរពវិន័យ និងប្រឹងប្រែងរៀនសូត្រពីប្រទេសជប៉ុន ដើម្បីយកចំណេះមកអភិវឌ្ឍប្រទេសកម្ពុជា។

ប្រមុខការទូតកម្ពុជា លើកឡើងបែបនេះ នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍របស់ជប៉ុន JDS ចំនួន ២៦ រូប មកពីក្រសួង ស្ថាប័នចំនួន១៥ ជួបសម្តែងការគួរសម តាមប្រព័ន្ធវីដេអូ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។ លោក ប្រាក់ សុខុន ក៏បានចែករំលែកបទពិសោធន៍ដែល លោកធ្លាប់បានសិក្សានៅក្រៅប្រទេស និងបានផ្ដល់អនុសាសន៍ណែនាំដល់និស្សិតឱ្យមានភាពអត់ធ្មត់ គោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រពីប្រទេសជប៉ុន ដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍប្រទេសកម្ពុជា។

លោកបន្តថា គិតចាប់ពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០២១ មាននិស្សិតកម្ពុជាចំនួន ៤៩៦ រូប បានទទួលអាហារូបករណ៍ជប៉ុន JDS ថ្នាក់ក្រោយឧត្តមសិក្សា ក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ២៤រូបផងដែរ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីការបង្កើតវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រនិងការយកចិត្តទុកដាក់ខ្លាំងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពមន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេសនៅលើឆាកអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការយោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា។

តំណាងនិស្សិតអាហារូបករណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនិងមមាញឹក ចូលរួមសំណេះសំណាលជាមួយនិស្សិតទាំង ២៦ រូប និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។

ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតឱ្យទទួលបានជោគជ័យក្នុងការសិក្សា ជាពិសេសរក្សាភាពថ្លៃថ្នូរ ថែរក្សាសុខភាព និងនាំកិត្តិយសជូនជាតិ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់និស្សិតក្នុងម្នាក់ទទួលបាន ១០០ ដុល្លារអាមេរិក៕