(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត នៅបរិវេណសាលាក្រុងសំរោង។

នៅក្នុងឱកាសនោះលោក កុសល្យ បានថ្លែងអំណរគុណ និងគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំប្រទេស ពិសេសខេត្តឧត្ដរមានជ័យ ដើម្បីបង្កើនភាពសាំពេញលេញ នឹងឈានដល់បញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យបាននាពេលខាងមុខ។

លោកអភិបាលខេត្តក៏បានថ្លែងអំពានាវ ដល់មាតាបិតា និងអាណាព្យាបាលកុមារ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ សូមនាំកូនចៅរបស់ខ្លួន មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ លោក ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ថា កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្តឧត្ដរមានជ័យមានចំនួនសរុប ៣៦.៥៧៧ នាក់ និងស្រីមានចំនួន១៧.១៥១ នាក់ ដែលមានទីតាំងចំនួន ២៨កន្លែងទូទាំងខេត្ត ដោយចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:០០នាទីព្រឹកដល់ម៉ោង ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទីដល់ម៉ោង ១៧:០០នាទី ទៅតាមកាលបរិច្ឆេទ និងទីកន្លែងក្នុងឃុំ សង្កាត់ដែលខ្លួន៕