(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន បានអញ្ជើញចុះសំណេះសំណាល នាំយកអំណោយជាស្បៀងអាហារ និងថវិកាសម្រាប់ផ្គត់ផ្គង់តម្រូវការ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តន៍ការការពារសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសការងារប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងឱកាសចុះសំណេះសំណាល ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត លោកជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍កោតសរសើរចំពោះ លោក ម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលទូទាំងខេត្ត ចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក ជាម ច័ន្ទសោភ័ណ បានណែនាំ ក៏ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុវត្តន៍ឲ្យខានតែបាន «៣កុំ-៣ការពារ»។
ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលខេត្ត បានជូនដំណឹង ក៏ដូចជាអំពាវនាវឲ្យកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រយ័ត្នប្រយែងសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងការបំរែបំរួលអាកាសធាតុ។
លោកអភិបាលខេត្ត ឲ្យដឹងថា បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោងប្រមាណ១០ព្រឹក ដល់ម៉ោង០២រសៀល កម្ដៅនឹងមានការកើនឡើងលើសពីធម្មតាដែលមិនធ្លាប់មាន ដែលជាការគួរតែប្រុងប្រយ័ត្ន។
ចប់ប្រសាសន៍សំណេះសំណាល លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី បានធ្វើការប្រគល់ជូននូវស្បៀងអាហារដល់ស្នងការនគរបាលខេត្តរួមមាន អង្ករ២៥០០គីឡូក្រាម ម៉ាស៥០០០ អាកុល៦០លីត្រ ទឹកសុទ្ធ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន០៥លានរៀល៕