(ភ្នំពេញ)៖ លោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងបទសម្ភាសន៍ពិសេសមួយជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញ ព័ត៌មាន Fresh News បានអះអាងថា ប្រជាជនចិនជាង២០លាននាក់ បានដាក់ញ្ញត្តិតាមអនឡាញទៅកាន់ WHO ដើម្បីទទូចឲ្យមានការស៉ើបអង្កេតទៅលើ មន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick នៅសហរដ្ឋអាមេរិកផងដែរ ជៀសវាងកុំឲ្យប្រែក្លាយរឿងរកប្រភពមេរោគ ទៅជារឿងនយោបាយ។
បើតាមលោក វ៉ាង វិនធាន តាំងពីដើមរហូតមក ចិនបានប្រកាន់ជាប់ជានិច្ចនូវឥរិយាបថបែបវិទ្យាសាស្រ្ត ពេលចូលរួមកិច្ចសហប្រតិបត្តិការជាសកល លើការងារតាមដានរកប្រភព COVID-19 ដោយឈរលើគោលការណ៍វិទ្យាសាស្រ្ត។ ក្រុមអ្នកជំនាញ WHO ត្រូវបានអញ្ជើញមកកាន់ប្រទេសចិនដល់ទៅពីរលើក សម្រាប់ការស្រាវជ្រាវ តាមដានរកប្រភពដើមនៃវីរុស។
លោកអះអាងថា កាលពីខែមីនា ឆ្នាំ២០២១ WHO បានចេញជាផ្លូវការនូវរបាយការណ៍រួម រៀបចំដោយក្រុមស្រាវជ្រាវរួម WHO-ចិន ដែលបានផ្តល់ការសន្និដ្ឋាន ប្រកបដោយភាពត្រឹមត្រូវ មានវិជ្ជាជីវៈ និងឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ស្តីពីការតាមដានរកប្រភពវីរុស។ មតិភាគច្រើនក្នុងសហគមន៍វិទ្យាសាស្រ្តអន្តរជាតិ បានយល់ឃើញថា វាទំនងជាមិនអាចទៅរួចទាល់តែសោះដែល COVID-19 បានលេចធ្លាយចេញមកពីមន្ទីរពិសោធន៍។
យ៉ាងណាមិញ សហរដ្ឋអាមេរិក បានប្រែក្លាយវិបត្តិជំងឺរាតត្បាតសកលនេះ ឲ្យទៅជាបញ្ហានយោបាយ ហើយព្យាយាមបង្កឲ្យមានរើសអើងចំពោះចិន តាមរយៈការប្រើពាក្យ ដូចជា «វីរុសវូហាន» ព្រមទាំងយកការតាមដានរកប្រភពវីរុស ធ្វើជាអាវុធវាយប្រហារទៅលើចិន ដើម្បីបង្វែរការទទួលខុសត្រូវ សម្រាប់ភាពបរាជ័យរបស់ខ្លួន ក្នុងការឆ្លើយតបវិបត្តិ COVID-19 និងដើម្បីសម្រេចបាននូវគោលដៅនយោបាយរបស់ខ្លួន គឺបង្ខូចកិត្តិយស និងរាំងខ្ទប់ប្រទេសដទៃទៀត។ នេះជាអ្វីដែលលោកឯកអគ្គរដ្ឋទូចគូសបញ្ជាក់បន្ថែម។
លោកឯករដ្ឋទូតបានបន្តថា ទង្វើទាំងអស់នេះ បានបង្កជាឧបសគ្គយ៉ាងធំ ចំពោះការងារតាមដានរកប្រភពវីរុស ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងចំពោះកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំង នឹងវិបត្តិជំងឺរាតត្បាតជាសកលនេះ។ ការលេងល្បែងនយោបាយរបស់សហរដ្ឋអាមេរិក បានទទួលរងការប្រឆាំងជំទាស់យ៉ាងផុសផុល ពីសំណាក់សហគមន៍អន្តរជាតិ។
លោក វ៉ាង វិនធាន បានបន្ថែមថា មកទល់ពេលនេះ ប្រទេសចំនួន៧៦ បានសរសេរលិខិតផ្ញើទៅកាន់អគ្គនាយក WHO ដោយសង្កត់ធ្ងន់ថា ការងារតាមដានរកប្រភពវីរុស គឺជាបញ្ហាវិទ្យាសាស្រ្តសុទ្ធសាធ ដែលមិនគួរត្រូវប្រែក្លាយទៅជាបញ្ហានយោបាយឡើយ ហើយរបាយការណ៍រួមគ្នារវាងចិន និង WHO គួរតែទទួលបានការគាំទ្រឲ្យពេលលេញ។
អ្នកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងប្រជាជន មកពីប្រទេសជាច្រើន បាននាំគ្នាចេញមុខបញ្ចេញមតិដោយចោទប្រកាន់សហរដ្ឋអាមេរិក ពីការព្យាយាមប្រែក្លាយការងារតាមដានរកប្រភពវីរុស ទៅជារឿងនយោបាយ។ ប្រជាជនចិនជាង ២០លាននាក់ ក៏បានដាក់ញ្ញត្តិតាមអនឡាញទៅកាន់ WHO ដើម្បីទទូចឲ្យមានការស៉ើបអង្កេតទៅលើ មន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick នៅសហរដ្ឋអាមេរិកផងដែរ៕