(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណ អ្នកកើតជំងឺកូវីដ១៩ ចំនួន ២៣នាក់បន្ថែមទៀត ខណៈជាសះស្បើយ ៥៦នាក់ និងស្លាប់ ១នាក់ មកពីស្រុកចំការលើ។

ចំណែកអ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង ២៣នាក់ ក្នុងនោះក្រុងកំពង់ចាម ០៦នាក់, ស្រុកកងមាស ០៤នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកព្រៃឈរ ០២នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, ស្រុកស្រីសន្ធរ ០២នាក់ និងមកពីខេត្តត្បូងឃ្មុំ ០២នាក់ និងខេត្តកំពង់ធំ ០១នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់បានប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕