(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរឆក់ដ៏សកម្ម នៅក្នុងរាជធានីភ្នំពេញបានចំនួន០៣នាក់ ខណៈបក្ខពួកម្នាក់ទៀតបានកំពុងរត់គេខ្លួន នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកអនុសេនីយ៍ឯក ឈឹម សាវ៉េន នាយប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា ជនសង្ស័យខាងលើ រួមមាន៖

ទី១៖ ឈ្មោះ ហេង សុខលី ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគៅកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ទី២៖ ឈ្មោះ យ៉េង ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ទី៣៖ ឈ្មោះ សុខ ដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា ហើយចំពោះបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនឈ្មោះ ឌី ។

លោកអនុសេនីយ៍ឯក ឈឹម សាវ៉េន បានបន្តថា ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះ ឈ្មោះ យ៉ា ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ ១៣៥៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ សម្ភារៈបាត់បង់រួមមាន៖ លុយដុល្លា២១០ដុល្លា , លុយខ្មែរ៦០ម៉ឺនរៀល, ទូរសព្ទ័ដៃ១គ្រឿងម៉ាក VIVO និងសម្ភារៈមួយចំនួនទៀត។

លោកនាយប៉ុស្តិ៍រូបនេះបានបន្តថា វត្ថុតាងដែលបានដកហូតពីក្រុមជនសង្ស័យរួមមាន៖ម៉ូតូ០២គ្រឿង មាន ម៉ាក និច ពណ៌សលាយក្រហម ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1LS- 02 06 និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ- 47 88 ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីបន្តតាមច្បាប់៕