(ព្រះវិហារ)៖ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចេញសេចក្ដីថ្លែងការណ៍មួយបំភ្លឺជុំវិញការដោះលែងជនត្រូវចោទ៣នាក់ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា នៅស្រុកគូលែន ខេត្តព្រះវិហារ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ថា ការដោះលែងឲ្យនៅក្រៅឃុំនេះ បន្ទាប់ពីជនត្រូវចោទបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ មានការសម្របសម្រួលទទួលយកសំណង និងដកពាក្យបណ្ដឹងរួចហើយ ទើបចៅក្រមស៉ើបសួរ សម្រេចអនុញ្ញាតឲ្យជនត្រូវចោទទាំង៣នាក់ នៅក្រៅឃុំជាបណ្ដោះអាសន្ន។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ដែលបានចុះផ្សាយខុសពីការពិត ឲ្យធ្វើការកែតម្រូវការចុះផ្សាយរបស់ខ្លួនឡើងវិញ ដើម្បីកុំឲ្យសាធារណជនមានការយល់ច្រឡំ ក្នុងករណីមិនធ្វើការកែតម្រូវការចុះផ្សាយរបស់ខ្លួនទេនោះ អយ្យអមសាលាដំបូងខេត្តព្រះវិហារ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕