(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងថា ក្រុមគ្រូពេទ្យកងទ័ពអាវស បានចូលរួមយ៉ាងសកម្ម ជាមួយទឹកចិត្តដ៏អង់អាច ដើម្បីសង្គ្រោះជីវិត ប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ១៩ ដោយមិនខ្លាចនឿយហត់។
ការថ្លែងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២១ ក្នុងគ្រាដែលលោកតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំអំណោយ និងស្បៀង ព្រមទាំងថវិការជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃស្រុកប្រតិបត្តិរមាសហែកចំនួន ៦នាក់ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន ១២នាក់ ដែលមានវិជ្ជមានកូវី១៩ ក្នុងបេសកម្មប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩។
លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលលោកស្រីតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមិនខ្លាចការនឿយហត់។
លោកបានថ្លែងកោតសសើរ នូវកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការលះបង់នេះ ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តក៏ដូចជារដ្ឋបាលខេត្តនឹងចងចាំមិនអាចបំភ្លេចបានឡើយ នូវគំរូវីរភាពដ៏អង់អាចក្លាហានក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកបណ្ឌិតក៏បានផ្តាំផ្ញើរឲ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យបាលអ្នកជំងឺ។ អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន មី ១កេស ទឹកផ្លែឈើ១កេស ទឹកដោះគោឆៅ១ឡូ ស្ករស១គីឡូ ទឹកសុទ្ធវីតាល់ ១កេស អាល់កុល៥លីត្រ សាប៊ូប្រូធិច៥ដុំ ម៉ាស់១០០និងថវិកា ១លានរៀល។
លោកបណ្ឌិតកែរ រដ្ឋា ព្រមទាំងបុគ្គលិក មន្ត្រីរាជការសុខាភិបាលទាំងអស់ បានថ្លែងអំណរគុណលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ដែលបានយកចិត្តទុកដាក់ជាមួយក្រុមគ្រូពេទ្យជួរមុខក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយបានចំណាយថវិកាព្រមទាំងស្បៀងមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យទៀតផង។
សូមបញ្ជាក់ថា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អំណោយជាស្បៀង និងថវិកាដល់ក្រុមគ្រូពេទ្យជួរមុខដែលឆ្លងជំងឺកូវីដ១៩ ចំនួន ៦២ នាក់ នៅតាមបណ្ដាស្រុកប្រតិបត្តិនៃខេត្តស្វាយរៀង ដែលត្រូវបានព្យាបាលជាសះស្បើយហើយនោះ ដើម្បីឲ្យមន្ទីរសុខាភិបាលខេត្តនាំទៅចែកជូនផ្ទាល់ដៃផងដែរ៕