(តាកែវ)៖ មេការក្រុមហ៊ុន Unicity ចំនួន៦នាក់ ក្នុងចំណោម៧នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំការប្រមូលផ្ដុំមនុស្សជាង៤០០នាក់ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ និងបំពានវិធានការសុខាភិបាល កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ នៅទីតាំងបុរីរស្មី ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។
លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ថា៖ «ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជនសង្ស័យមេការក្រុមហ៊ុន Unicity ចំនួន៦នាក់ ក្នុងចំណោម៧នាក់ ដោយម្នាក់ទៀតជាស្រ្តីមិនត្រូវបានឃុំខ្លួននោះទេ ដោយសារតែមានកូនតូច»។
លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា តំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យ៧នាក់ ដែលជាមេការក្រុមហ៊ុន Unicity តាមច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រា១១»។
បើយោងតាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា១១ បានចែងថា «អំពើរារាំងដល់ការអនុវត្តន៍វិធានការ ឬបង្កឧបសគ្គដោយ ចេតនាដល់ការអនុវត្តន៍វិធានការដែលបានដាក់ចេញស្របតាមច្បាប់ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ២លានរៀលទៅ ១០លានរៀល។ បើរករណីខាងលើបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល»។
សូមបញ្ជាក់ថា សមត្ថកិច្ចខេត្តតាកែវ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៣៩៥នាក់ ក្នុងនោះមេការ ចំនួន៧នាក់ នៅចំណុចបុរីរស្មី ដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលប្រមូលផ្តុំគ្នា មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉នសុខភាព របស់ក្រុមហ៊ុន Unicity។
ក្រោយធ្វើការឃាត់ខ្លួន ក្រុមគ្រូពេទ្យបានចុះយកសំណាកនិងធ្វើតេស្តរកមេរោគកូវីដ១៩ ដោយបានរកឃើញមនុស្សចំនួន២នាក់ មានផ្ទុកមេរោគកូវីដ១៩៕