(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩៧នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ១៧៧នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានប្រកាសឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្មីនេះ ករណីទី១ ដល់ទី៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១០ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី១៩ ដល់ករណីទី២១ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ជាមួយគ្នានេះ ករណីទី២២ ដល់ករណីទី៣៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណីទី៣៤ ដល់ទី៥២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។
ដោយឡែកករណីទី៥៣ ដល់ករណីទី៦១ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តកំពង់ចាម ពីអាជីវករទៅទិញផ្លែឈើ និងគ្រឿងសមុទ្រពីផ្សារបានឡែមនិងឆ្លងបន្តពីអ្នកស្លាប់ឈ្មោះ ជា សុខារី ។ ចំពោះ ករណីទី៦២ ជាអាជីវករទៅទិញបន្លែពីផ្សារពុមពុយខេត្តបាត់ដំបង និងករណីទី៦៣ ដល់ទី៩៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
អ្នកជាសះស្បើយទាំង ១៧៧ នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦,៣៩២នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៤,៨១៤នាក់ ស្លាប់ ៧៥នាក់ និង ១,៥០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕