(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហើបឱ្យដឹងថា អាជ្ញាធរខេត្តគ្រោងនឹងបើកឱ្យដំណើរការផ្សារដងទង់ ស្ថិតនៅក្រុងខេមរភូមិន្ទ ឡើងវិញ នៅក្នុងករណីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ធ្វើសំណាកលើអាជីវករ និងប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ និងមេរោគកូវីដ១៩ បំប្លែងថ្មី Delta មិនមានវត្តមានប្រភពចេញពីអាជីវករក្នុងផ្សារនេះ។
ការបង្ហើបឱ្យដឹងបែបនេះ របស់លោកស្រីអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីបានដឹកនាំក្រុមការងារ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១ ម្សិលមិញ។
លោក មិថុនា ភូថង បានបង្ហើបយ៉ាងដូច្នេះថា៖ «បើការយកសំណាកធ្វើតេស្តរបស់បងប្អូនដែលពាក់ព័ន្ធកូវីដ-១៩ បំប្លែងងថ្មី Delta ទទួលលទ្ធផលអវិជ្ជាមាន និងអាត្រាជំងឺឆ្លងកូវីដ-១៩ មានអាត្រាធ្លាក់ចុះ អាជ្ញាធរ នឹងរៀបចំឱ្យបើកទ្វារផ្សារ ឱ្យអាជីវករប្រកបអាជីវកម្មលក់ដូរឡើងវិញនៅពេលឆាប់ៗនេះ»។
លោកស្រីបានបញ្ជាក់បន្ថែមថា ចំពោះអាជីវករដែលល្មើសបំរាមចរាចរណ៍ណែនាំរបស់អាជ្ញាធរក្រុងហ៊ានបើកតូបលក់មិនមានការអនុញ្ញាតពីអាជ្ញាធរ ម្ចាស់តូបត្រូវទទួលការពិន័យតាមច្បាប់របស់អាជ្ញាធរក្រុងជាធរមាន។ ទន្ទឹងនេះអភិបាលខេត្ដ ណែនាំឱ្យអាជ្ញាធរក្រុងអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ បំប្លែងថ្មី Delta ឆ្លងចូលក្នុងសហគមន៍។
ជាមួយគ្នានេះដែរ លោកស្រី ស្រី មិថុនា ភូថង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមទប់ស្កាត់ការពារកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងសកល ឱ្យឆ្លងចូលក្នុងសហគមន៍ ដូច្នេះ ប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។
បើតាមលោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា «រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមលោកគ្រូពេទ្យស្រាវជ្រាវប្រយុទ្ធប្រឆាំងកូវីដ-១៩ បានចុះយកសំណាកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ដែលពាក់ព័ន្ធក្នុងភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលពាក់ព័ន្ធនឹងក្មេងស្រី អាយុ១១ឆ្នាំ ម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីនោះ ឃើញក្នុងភូមិសាស្រ្តខាងលើនេះ ទទួលលទ្ធផលល្អប្រសើរ ការធ្វើតេស្តមិនមានកូវីដ-១៩ បំប្លែងងថ្មីនោះទេ ឃើញថាល្អប្រសើរ»។
លោកវេជ្ជបណ្ឌិត ទៅ មុឹង បានបញ្ជាក់ថា ចំពោះក្មេងស្រីដែលមានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ក្រោយពីធ្វើតេស្តលើកទី១ នៅវិទ្យាស្ថានប៉ាស្ទ័រ គឺលទ្ធផលអវិជ្ជមាន និងរងចាំលទ្ធផលធ្វើតេស្តលើកទី២ ថ្ងៃនេះបន្តទៀត តែបើការធ្វើតេស្តឃើញថា អវិជ្ជមានក្រុមគ្រូពេទ្យនឹងឱ្យក្មេងស្រីនោះវិលទៅលំនៅដ្ឋានវិញ បន្តឱ្យធ្វើចត្ដាឡីស័ក ១៤ថ្ងៃ បន្ថែមទៀត៕