(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូកម្ពុជា នៅថ្ងៃទី២៨ ខែមីនានេះ បានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាព រៀបចំរបាយការណ៍ លើការអនុវត្តអនុសញ្ញាស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌» ដែលធ្វើឡើងនៅសណ្ឋាគារ សាន់វ៉េ។
លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងពិធីនោះថា សិក្ខាសាលាពិគ្រោះយោបល់ និងបណ្តុះបណ្តាលនាពេលនេះ គឺផ្តោតសំខាន់ ទៅលើការពង្រឹងសមត្ថភាព រៀបចំរបាយការណ៍ លើការអនុវត្តអនុសញ្ញាស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ ដែលជាកាតព្វកិច្ចរបស់រដ្ឋភាគី ក្នុងការពិនិត្យតាមដាន និងធ្វើរបាយការណ៍ ស្តីពីដំណើរការនេះ ការអនុវត្តអនុសញ្ញានេះក្នុងក្របខណ្ឌជាតិ។
លោកបន្តថា ការពិតណាស់ការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ អង្គការសហគម សង្គមស៊ីវិល និងផ្នែកឯកជននានា គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីធ្វើឲ្យសម្រេចនូវគោលបំណង ដ៏ឧត្តុង្គឧត្តមរបស់យើង ក្នុងការការពារ និងលើកស្ទួយសិល្បៈវប្បធម៌ និងភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ សំដៅលើកកម្ពស់ការរស់ នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក សុខដមរមនា និងកិត្យានុភាពជាតិ។
លោក សំរាំង កំសាន្ត បានថ្លែងទៀតថា «ដោយមានគ្រូបង្ហាត់មកពីអង្គការយូណេស្កូ ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ជ្រៅជ្រះក្នុងវិស័យនេះ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខ្ញុំសង្ឃឹមជឿជាក់ថា សិក្ខាសាលានេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពនៃការអនុវត្ត អនុសញ្ញាស្តីពីការការពារ និងលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ ឲ្យកាន់តែល្អប្រសើរ ក៏ដូចជាការត្រៀមរៀបចំរបាយការណ៍លើការអនុវត្តអនុសញ្ញានេះ ឲ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ»។
លោករដ្ឋលេខាធិការបានរំលឹកទៀតថា ក្នុងនាមជារដ្ឋភាភីមួយ នៃអង្គការយូណេស្កូ កម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយសហគមន៍អន្តរជាតិ ក្នុងបុព្វហេតុការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌រូបី និងអរូបី នៃមនុស្សជាតិ និងបានផ្តល់សច្ចាប័នលើអនុសញ្ញា និងពិធីសារនានាជាច្រើន ក្នុងនោះកម្ពុជាបានផ្តល់សច្ចាប័នទៅលើអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការពារ និងលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ កាលពីខែកញ្ញា ឆ្នាំ២០០៧។
លោកបន្ថែមថា អនុសញ្ញានេះ គឺជាលិខិតុបករណ៍គតិយុត្តិអន្តរជាតិមួយ របស់អង្គការយូណេស្កូ ដែលបានបង្កើតទ្បើងជាពិសេស ក្នុងគោលបំណងការពារ និងលើស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ ដែលជាមូលដ្ឋានគ្រឹះធានាដល់គោលការណ៍នៃភាពថ្លៃថ្នូរស្មើៗគ្នា និងការគោរពវប្បធម៌ផ្សេងៗគ្នា ក្នុងភាពសម្បូណ៍បែបនៃ វប្បធម៌ ដើម្បីផ្តល់ឱកាសឲ្យមនុស្សគ្រប់រូប ក្នុងសង្គមទទួលបានអត្តប្រយោជន៍ទំាងអស់គ្នា និងរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព និងភាពជោគជ័យក្នុងការអនុវត្តអនុសញ្ញានេះ គឺតម្រូវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទំាងស្ថាប័នរដ្ឋ សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជននានា និងការចូលរួមរបស់បងប្អូនជនជាតិ ដើមភាគតិចផងដែរ៕