(បាត់ដំបង)៖ ថ្លែងចេញពីខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្មជា បានប្រាប់ទៅមន្រ្តីយោធា និងគ្រួសារកងទ័ពនៅកងពលតូចថ្មើជើងលេខ៥៣ថា ក្នុងមួយខែៗ រាជរដ្ឋាភិបាល បានចំណាយលុយជាង១០០០លានដុល្លារ សម្រាប់បើកប្រាក់បៀរវត្សរ៍ ជូនដល់មន្រ្តីរាជការ ក្នុងនោះមានទាំងកម្លាំងប្រដាប់អាវុធផងដែរ។
នៅព្រឹកថ្ងៃនេះ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខនាយទាហាន-ពលទាហាន និវត្តន៍ជន យោធិនពិការ និងគ្រួសារ យោធិននៅទីបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៥៣ នាខេត្តបាត់ដំបង។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំដោយយកចិត្តទុកដាក់លើការ បើកប្រាក់បៀវត្សរ៍ទាន់ពេលវេលា និងដោយរលូនជូនបងប្អូនមន្រ្តីរាជការ នគរបាល និងកងទ័ពទាំងអស់ ហើយបានតម្លើងប្រាក់បៀវត្សរ៍ប្រហែល១២%ថែមទៀត នៃប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងខែមករាឆ្នាំ២០១៦ កន្លងមកនេះ។ សរុបមក បងប្អូនជានាយទាហានទាំងអស់ ទទួលបានប្រាក់បៀវត្សរ៍ប្រហែលជាង ៧០០,០០០រៀលក្នុងមួយខែ ហើយរដ្ឋាភិបាល ក៏កំពុងរៀបចំតម្លើងប្រាក់បំណាច់មុខងារ នៅក្នុងខែមេសាខាងមុខនេះទៀតផងដែរ។
លោក ម៉ាណែត បានថ្លែងថា «ដើម្បីអាចតម្លើងប្រាក់បៀវត្សរ៍នេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំកៀរគរ ចំណូលយ៉ាងចិត្តទុកដាក់ព្រោះការ ចំណាយលើការបើកប្រាក់បៀវត្សរ៍ ក្នុងមួយខែយ៉ាងហោចណាស់ក៏ជាង១០០០លានដុល្លារដែរ ហើយប្រភពចំណូលដែលធំ គឺទទួលបានពីអង្គភាពគយ ដែលបានត្រឹមតែអាចស៊ីសងគ្នាប៉ុណ្ណោះគឺពុំមានសល់ទេ។ រីឯសម្រាប់ចំណាយផ្សេងៗទៀត គឺត្រូវយក ប្រភពពីអង្គភាពចំណូលនានាដែលពាក់ព័ន្ធដូចជាអង្គភាពពន្ធដារជាដើម»។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលទទួលព័ត៌មានថា សន្តិសុខព្រំដែន ទិសរបស់អង្គភាពមានភាពស្ងប់ស្ងាត់ ដោយនៅតែបន្តអនុវត្តម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្តេច នាយករដ្ឋមន្ត្រី ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសជាប់ព្រំដែន ដើម្បីជាមូលដ្ឋានរក្សាបានស្ថិរភាពសន្តិសុខ ជូនប្រជាពលរដ្ឋទាំងសងខាង។ សភាពការសន្តិសុខក្នុងភូមិសាស្ត្រ ក៏មានភាពល្អប្រសើរ ដោយមានការសហការរវាងកងទ័ព ជាមួយអាជ្ញាធរមូលដ្ឋាន ជំនាញមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសកម្មភាពបង្ក្រាបបទល្មើសនានាជាពិសេស ការចូលរួមអនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច។ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុក៏បានថ្លែងថា ការបន្តប្រពៃណីចំណងសម្ព័ន្ធសាមគ្គីភាព មេត្រីភាពរវាងអង្គភាពស៊ីវិល និងអង្គភាពទ័ពគឺជាការសំខាន់ណាស់ ក្នុងការពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ ប្រសិនបើគ្មានអ្នកសមរភូមិមុខខិតខំ ការពារព្រំដែនទេនោះ ក៏អ្នកសមរភូមិក្រោយមិនអាច នៅសុខគេងលក់ស្រួលអត់បារម្ភពី សន្តិសុខ និងបូរណភាពទឹកដីនោះឡើយ។ ជាក់ស្តែងអគ្គនាយកដ្ឋានរតនាគារជាតិ តែងតែបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបានជួយឧបត្ថម្ភដល់កងទ័ពនិងគ្រួសារទ័ពនូវសម្ភារៈបរិក្ខា អគារស្នាក់នៅ អគារប័ណ្ណាល័យ ឧបករណ៍ ផ្សេងៗ និងគ្រឿងឧបភោគបរិភោគដល់កងពលតូចថ្មើជើងលេខ៥៣ ជាបន្តបន្ទាប់។
លោកបណ្ឌិតក៏បានបញ្ជាក់ដែរថា រូបលោកផ្ទាល់ក៏ដូចជា បងប្អូនទាំងអស់គ្នា ពិតជាសំណាងណាស់ដែលកើត មកមាន "អគ្គមហារដ្ឋបុរស" ដូចជាសម្តេចតេជោនាយករដ្ឋមន្រ្តីកើតចេញមក ពីប្រជាជនជានិច្ចជាកាល នៅជាមួយប្រជាជនផ្សារភ្ជាប់ខ្លួនជាមួយប្រជាជនយកចិត្តទុកដាក់ ជាមួយប្រជាជននិងកងកម្លាំងប្រដាប់អាវុធ ។ ទាំងនេះសុទ្ធតែជាសំណាង របស់យើងដូចនេះមិនត្រូវឱ្យសំណាងទាំងនេះ បាត់ទៅវិញនោះទេគឺយើង ទាំងអស់ ត្រូវតែការពារសម្តេចការពារសមទ្ធិផល ដែលសម្តេចបានកសាងឡើងការពាររដ្ឋ ធម្មនុញ្ញការពាររាជរដ្ឋាភិបាល ស្របច្បាប់នោះយើងនឹងទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៏បន្ថែមទៀត។ បើមានសម្តេចតេជោដឹកនាំប្រទេសជាតិយើងសង្ឃឹមថាប្រទេសជាតិនឹងបន្តទទួលបាននូវសុខស្ថេរភាពដោយចីរភាពយូរអង្វែងនិងទទួលបាននូវការអភិវឌ្ឍន៍កាន់តែល្អប្រសើរបន្ថែមទៀត៕