(ស្ទឹងត្រែង)៖ លោក ម៉ម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ដ្រ «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់ភូមិសាស្ដ្រ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្នចាប់ពីវេលាម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចថ្មី សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta ព្រមទាំងធានាការពារបានអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្ដិសុខសុវត្ថិភាពសង្គម»។

រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់ទៀតថា ចំពោះភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ដ្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបំរាមគោចរអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានានៅជាធរមាន។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានទទួលលទ្ធផលវិភាគសំណាក អ្នកជំងឺដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហាកន្លងទៅថ្មីនេះ ពីវិទ្យាស្ថានប៉ាស្ទ័រ ក្នុងនោះបានបញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី (Delta) ចំនួន៧នាក់ និងមានករណីសង្ស័យប្រភេទ Delta នេះ ចំពោះអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលសរុបមកដល់ពេលនេះ ក្នុងខេត្តស្ទឹងត្រែង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន៩នាក់។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តស្ទឹងត្រែង សូមអំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្ន ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំ។ ទន្ទឹមនោះ សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្លួន និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ថាខេត្តស្ទឹងត្រែង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវទទួលការពិន័យ។

ករណីចាំបាច់ ឬសង្ស័យដោយប្រការណាមួយ សូមទំនាក់ទំនងក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទដូចតទៅនេះ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីអនុវត្តវិធានការបច្ចេកទេសទាន់ពេលវេលា៕