(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ និងវិទ្យាស្ថានវ៉ាន់ដាគណនេយ្យកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីផ្តល់ជូនសេវាកម្ម និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ និងភាពជាដៃគូ ក្នុងការទំនាក់ផ្ដល់សេវាព្យាបាល ជូនលោកគ្រូ អ្នកគ្រូ និង សិស្សា នុសិស្ស ពិសេសគឺជួយផ្សព្វផ្សាយពីការថែទំាសុខភាព ដើម្បីសង្គមគ្រួសារ មានសុភមង្គល និងសុខដុមរមនា ក្នុងគ្រួសារ។
នាយកវិទ្យាស្ថានវ៉ាន់ដា លោក ហេង វ៉ាន់ដា បានថ្លែងបញ្ជាក់ថា សុខភាព ជាកត្តាដ៏សំខាន់បំផុត មិនអាចខ្វះបាន ក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន។ ផ្ទុយទៅវិញ បើសុខភាពមានភាពទន់ខ្សោយ យើងមិនអាចបំពេញ ការងារបានល្អ ទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយនោះទេ ខណៈដែលប្រជាពលរដ្ឋ មន្ដ្រីរាជការ អង្គការសង្គមស៊ីវិលនានា ក្នុងពេលចុះបេសកកម្មការងារ ប្រសិនបើសុខភាពបុគ្គលនោះមិនល្អ។
លោក ហេង វ៉ាន់ដា បានថ្លែងបន្តថា ការចុះ MOU ជាមួយគ្នានៅថ្ងៃនេះ ជាកិច្ចសហប្រតិបត្តិការដ៏ល្អ នៅក្នុងការបម្រើដល់សង្គម ជាការយកចិត្តទុកដាក់ ពីសំណាក់មន្ទីរ ពេទ្យជោរៃនៅកម្ពុជា ជូនដល់វិទ្យាស្ថានវ៉ាន់ដា ឲ្យមានភាពកាន់តែខិតជិតស្និទ និងទំនាក់់ទំនងល្អ ផ្នែកសុខភាពផងដែរ។
លោក Nguyen TriThuc នាយកមន្ទីរពេទ្យជោរៃ ភ្នំពេញ បានថ្លែងបញ្ជាក់ថា មន្ទីរពេទ្យជោរៃភ្នំពេញ ក្រៅពីពិនិត្យ និងព្យាបាលជូន ដល់ប្រជាជនកម្ពុជា មន្ទីរពេទ្យក៏បានធ្វើការចែករំលែក នូវបទពិសោធន៍បច្ចេកវិទ្យា ក្នុងវិស័យវេជ្ជសាស្ត្រ ដល់វេជ្ជបណ្ឌិតកម្ពុជាផងដែរ ដោយក្នុងនោះកាលពីពេលថ្មីៗ កន្លងទៅនេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានចុះ MOU ជាមួយសាកលវិទ្យាល័យវិទ្យា សាស្រ្តសុខាភិបាលជាមួយ គណៈមេធាវីកម្ពុជា ជាមួយអង្គការស្ដារកម្ពុជា និងថ្ងៃនេះជាមួយវិទ្យាស្ថានវ៉ាន់ដា ។
លោក Nguyen TriThuc បានបន្តថា ស្របទៅតាមបេសកកម្មរបស់ខ្លួន គឺត្រូវតួ្រតពិនិត្យ និងព្យាបាល ជូនប្រជាជនកម្ពុជាឲ្យបានល្អក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព នៃការទំនាក់ទំនាក់រវាងប្រទេសកម្ពុជា និងវៀតណាម។ ពិសេសក្នុងការបំពេញភារកិច្ចការងារ ឲ្យមានភាពរលូន ទៅលើផ្នែកសុខភាព ផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់ថវិកា និងការចំណាយថវិកាឲ្យសមស្របទៅតាមកាលៈទេសៈនិងសមស្របតាមតម្រូវរបស់ប្រជាពលរដ្ឋ។ បញ្ហាទំាងអស់នេះ ប្រសិនបើយើងចេះសហការគ្នាបានល្អជាមួយបណ្ដា ស្ថាបន័អង្គការវិទ្យាស្ថាន ដៃគូរនានា នោះការងារផ្នែកបម្រើសេវាសុខភាព នៅទីនេះ ក៏មិនមានបញ្ហាអ្វីកើតឡើងដែរ៕