(ពោធិ៍សាត់)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ជូនសិស្សានុសិស្សដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្អែកនេះតទៅ គឺនៅវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យព្រែកស្ដី។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ ក៏បានអំពាវនាវឱ្យអាណាព្យាបាលសិស្សានុសិស្សនាំកូនចៅរបស់ខ្លួនដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ នៅតាមទីតាំង និងពេលវេលាដែលបានកំណត់នេះឱ្យបានគ្រប់ៗគ្នា។
កិច្ចដំណើរការរៀបចំការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩នេះ ធ្វើឡើងក៏មានកិច្ចខិតខំចង្អុលបង្ហាញបន្ថែមពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ផងដែរ ដែលលោកតែងតែអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងតែងតែគិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងសិស្សានុសិស្សនៅក្នុងខេត្តពោធិ៍សាត់ជាដើម។
លោកអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជាក់ថា «វ៉ាក់សាំងទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចមិនភ្លេចទេ គឺសម្តេចតេជោតែងតែគិតគូជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ជាពិសេសក្មួយៗសិស្សានុសិស្ស»។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ក៏បានបញ្ជាក់ដែរថា អ្នកដែលមកចាក់វ៉ាក់សាំងនេះត្រូវយកភ្ជាប់ជាមួយ ដូចជា៖
១៖ សំបុត្រកំណើត
២៖ សៀវភៅគ្រួសារ
៣៖ រូបថត ៤x៦ ចំនួន ១សន្លឹក
៤៖ លេខទូរស័ព្ទប្រើប្រាស់ផ្ទាល់ខ្លួន
៥៖ ប័ណ្ណសម្គាល់ខ្លួនជាសិស្ស។
សូមបញ្ជាក់ថា អាណាព្យាបាលសិស្សានុសិស្សដែលនាំកូនចៅរបស់ខ្លួនមកផ្ទាល់ សូមអនុវត្តតាមវិធានការ «៣-ការពារ និង ៣-កុំ» ក៏ដូចជាវិធានការសុខាភិបាលរបស់ក្រសួងសុខាភិបាលឱ្យខ្ជាប់ខ្ជួនជានិច្ច៕