(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង បានស្នើឲ្យប្រទេសជាសមាជិកអាស៊ានទាំងអស់បង្កើននូវទំនាក់ទំនងព័ត៌មាន ដើម្បីទប់ស្កាត់កម្លាំងជ្រុលនិយម ដែលអាចបំផ្លាញដល់សន្តិសុខគ្រួសារអាស៊ាន។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Dato Raszlan Abdul Rashid ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីចប់អាណត្តិនៅកម្ពុជា ចូលជម្រាបលា និងសម្តែងការគួរសមនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង បានថ្លែងថា មានប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន មានកម្លាំងជ្រុលនិយម ដែលអាចបង្កជាអសន្តិសុខនៅក្នុងតំបន់។ ដើម្បីទប់ស្កាត់បញ្ហា លោក ហោ ណាំហុង បានស្នើឲ្យប្រទេសសមាជិកអាស៊ានទាំងអស់បង្កើនទំនាក់ទំនងព័ត៌មានជាមួយគ្នា។
ជាការកត់សម្គាល់សំណើរបស់លោក ហោ ណាំហុង បានធ្វើឡើងចំពេលដែលប្រទេសក្នុងពិភពលោក ជាពិសេសតំបន់អឺរ៉ុប បាននិងកំពុងរងការគំរាមកំហែងខ្លាំងពីក្រុមឧទ្ទាមផ្តាច់ខ្លួន ISIS ហើយក្រុមនេះ ក៏ធ្លាប់បានវាយប្រហារនៅប្រទេសឥណ្ឌូនេស៊ី ដែលជាសមា ជិកអាស៊ានផងដែរ៕