(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន៤ ដែលធ្លាប់ប្រកបមុខរបរអាជីវកម្ម និងជាអ្នកធ្លាប់នាំសត្វជ្រូករស់ ចូលមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា និងនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម បានធ្វើលិខិតគោរពជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំគោលការណ៍អនុញ្ញាត ដើម្បីដាក់ដេញថ្លៃគោលការណ៍នាំចូលសត្វជ្រូករស់ យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាតក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនទាំង៤នោះរួមមាន៖ ក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក, ក្រុមហ៊ុន រ៉ូស៊ីតា (អអេសធី), ក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក។

យោងតាមលិខិតគោរពជូនរដ្ឋមន្ត្រីទាំង២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុននោះ ស្នើសុំដាក់ដេញថ្លៃគោលការណ៍នាំចូលសត្វជ្រូករស់ យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាត ក្នុងប្រទេសកម្ពុជានេះ ដោយសារតែកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញគោលការណ៍អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លារភាព ធ្វើឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារ ឡើងថ្លៃខ្ពស់ស្រេចតែចិត្ត។

ចំណែកក្រុមហ៊ុនដទៃទៀតដែលមិនមែនជាបក្ខពួក មិនមានឱកាសដើម្បីទទួលបានសិទ្ធិនាំចូល ដើម្បីប្រកួតប្រជែងលក្ខណៈទីផ្សារសេរីបាននោះទេ កត្តានេះធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងសិទ្ធិធ្វើពាណិជ្ជកម្មដោយសេរីរបស់ក្រុមហ៊ុនស្របច្បាប់នានា ដែលបានចុះបញ្ជីពាណិជ្ជកម្ម យ៉ាងខ្លាំង លើសពីនេះទៀតនោះ គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

លិខិតដដែលសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាលយកគោលការណ៍នាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញតម្រូវការក្នុងស្រុកនេះដាក់ចេញថ្លៃ នឹងផ្តល់នូវអត្ថប្រយោជន៍ដូចនេះ៖

១៖ អាចប្រមូលចំណូលចូលថវិកាជាតិជាង ៣,០០០,០០០$ (បីលានដុល្លាអាមេរិក) ក្នុងមួយឆ្នាំៗ ព្រោះក្នុងមួយក្រុមហ៊ុន អាចមានសិទ្ធិនាំចូលសត្វជ្រូករស់បាន ៩៦០ក្បាលក្នុង០១ថ្ងៃ ហើយត្រូវបង់ថវិកាចូលជាតិជាងកន្លះលានដុល្លាអាមេរិកក្នុង១ឆ្នាំ សម្រាប់មួយក្រុមហ៊ុនចុះបើ៧ក្រុមហ៊ុន គឺជាង៣លានដុល្លាអាមេរិក។

២៖ ជួយប្រជាពលរដ្ឋបានហូបសាច់ជ្រូកក្នុងតម្លៃមួយសមរម្យ មិនថ្លៃហួសហេតុដូចសព្វថ្ងៃនេះទេ ព្រោះការលក់សាច់ជ្រូកក្នុងតម្លៃថ្លៃខុសប្រក្រតី បានធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិកាយ៉ាងច្រើន។

៣៖ កត្តាដេញថ្លៃដោយគោលការណ៍នាំចូល ប្រកបដោយតម្លារភាពនេះ មិនត្រូវតែបានចំណូលសម្រាប់ជាតិប៉ុណ្ណោះទេ និងបន្ថែមបន្ទុកចំណាយ ដល់ក្រុមហ៊ុននាំចូលផ្គត់ផ្គង់ ដែលអំណោយផលល្អដល់អ្នកចិញ្ចឹមក្នុងស្រុក មានលទ្ធភាពក្នុងការប្រកួតប្រជែងទីផ្សារដោយសេរីទៀតផង៕

ខាងក្រោមនេះជាលិខិតរបស់ក្រុមហ៊ុនគោរពជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖