(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារមេរោគកូវីដ១៩។
កាកបាទក្រហមកម្ពុជា ក្រៅតែពីកិច្ចប្រឹងប្រែងជួយរាល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាហើយនោះ ក៏តែងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជាមួយប្រទេសជាមិត្តទាំងនៅក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់មនុស្សជាតិពេលជួបនូវគ្រោះអាសន្នផ្សេងៗ។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក៏បានផ្តល់ថវិកា១០ម៉ឺនដុល្លារ ជូនទៅកាកបាទក្រហមវៀតណាម ដើម្បីជួយដោះស្រាយការលំបាកប្រជាពលរដ្ឋវៀតណាម រងគ្រោះដោយជំងឺកូវីដ១៩ផងដែរ។
តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមន៍ជាតិកាកបាទក្រហមកម្ពុជា ជាមួយមនុស្សជាតិទាំងអស់នៅលើពិភពលោក ដើម្បីរំលែកការលំបាកទាំងឡាយ៕