(ភ្នំពេញ)៖ រដ្ឋាភិបាលម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ជាពិសេសទំហំពាណិជ្ជកម្ម និងវិនិយោគ នៃប្រទេសទាំងពីរ ដែលបានកើនឡើងខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Dato Raszlan Abdul Rashid ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីចប់អាណត្តិនៅកម្ពុជា ក្នុងឱកាសចូលជម្រាបលាប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានថ្លែងថា រដ្ឋាភិបាលម៉ាឡេស៊ី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ក្នុងរយៈពេលចុងក្រោយនោះ ក្នុងនោះទាំងទំហំពាណិជ្ជកម្ម និងវិនិយោគ បានកើនឡើងជាបន្តបន្ទាប់។
បើតាមលោក ជុំ សុន្ទរី បានថ្លែងឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាឡេស៊ី នៅក្នុងឆ្នាំ២០១៤ មានចំនួនជិត ៦រយលានដុល្លារ។ ក្នុងនោះកម្ពុជា នាំចេញទៅម៉ាឡេស៊ី មាន ១២៣លានដុល្លារ ម៉ាឡេស៊ីនាំចូលមកកម្ពុជា មាន ៤៧៣លានដុល្លារ។ សម្រាប់រយៈពេល ១០ខែឆ្នាំ២០១៥វិញ ទំហំពាណិជ្ជកម្មមានជាង២០០លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញ ១០៦លានដុល្លារ ខណៈម៉ាឡេស៊ី នាំចូលវិញ ១៥៧លានដុល្លារ។
ដោយឡែកទំហំវិនិយោគរបស់ម៉ាឡេស៊ី នៅកម្ពុជានាឆ្នាំ២០១៤ មាន ២៤លានដុល្លារ ខណៈឆ្នាំ២០១៥ មានរហូតដល់ទៅ ៦២លានដុល្លារ។
ក្នុងជំនួបនាព្រឹកមិញនេះ ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ក៏បានជជែកពីបញ្ហាអង្ករកម្ពុជាផងដែរ។ ក្នុងនោះឧបនា យករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា កម្ពុជាសល់ស្រូវប្រមាណ ៤លានតោនក្នុងមួយឆ្នាំ ហើយកំពុងខ្វះខាតរោងម៉ាស៊ីន ក្នុងការផលិតអង្ករសម្រាប់នាំចេញផងដែរ។ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើឲ្យម៉ាឡេស៊ី ចូលមកវិនិយោគបន្ថែមលើរោងស៊ីនកិនស្រូវ។ សម្រាប់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីវិញ បានឲ្យដឹងថា អង្កររបស់ខ្មែរបានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសម៉ាឡេស៊ី។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានប្រាប់ឯកអគ្គរដ្ឋម៉ាឡេស៊ីផងដែរថា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមក្នុងការបំពេញ ទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីរឹតចំណងការទូត និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕