(ភ្នំពេញ)៖ ជនសង្ស័យប្រុសស្រី ចំនួន២នាក់ ត្រូវបានរកឃើញថា ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួនភ្លាមៗ ដោយកម្លាំងជំនាញសមត្ថកិច្ចខណ្ឌឬស្សីកែវ បន្ទាប់ពីមានបទបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌ។

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាក់ស្ដែង និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីភ្លាមៗ ចំនួន២នាក់នេះ បានអនុវត្តឡើងនៅត្រង់ចំណុចផ្លូវលំ ភូមិខ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះដែរ ក្រៅពីឃាត់ខ្លួនជនសង្ស័យ២នាក់, កម្លាំងសមត្ថកិច្ច បានរកឃើញ និងដកហូតបានវត្ថុតាងគ្រឿងញៀន ចំនួន២៩កញ្ចប់ថង់តូច-ធំ ជាមួយនិងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿងផងដែរ ដើម្បីបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ន ក្នុងការកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕