(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងពិភពលោកទាំងមូល បាននឹងកំពុងទទួលរងនូវការរាតត្បាតយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះគិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នៅលើពិភពលោកមានអ្នកឆ្លងកើនដល់ជាង ២០៨លាន និងស្លាប់ជាង៤លាន ៣៨ម៉ឺននាក់ ព្រមទាំងជាសះស្បើយជាង១៨៧លាននាក់។ ទីក្រុងវូហាន ប្រទេសចិន ជាទីដំបូងគេដែលផ្ទុះឡើងជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩។

ដើម្បីទទួលបាននូវព័ត៌មានបន្ថែម ស្តីអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ពិសេស ជាមួយលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលមានខ្លឹមសារដូចតទៅ៖


លឹម ជាវុត្ថា សំណួរទី១៖

ដូចដែលពិភពលោកបានដឹងហើយថា ចិនគឺជាប្រទេសដំបូងដែលឆ្លងជំងឺកូវីដ១៩ នៅទីក្រុងវូហាន ប៉ុន្តែអ្វីដែលសំខាន់នោះគឺចិនអាចទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធចំណុចនេះសូមឯកឧត្តមបង្ហាញពីភាពរឹងមាំ និងវិធានការយ៉ាងណាខ្លះរបស់រដ្ឋាភិបាល ដែលបានដាក់ចេញហើយទទួលបានជោគជ័យ ដើម្បីជាការចែករំលែកដល់បណ្តាប្រទេសផ្សេងៗទៀតដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីមេរោគក៏កាចសាហាវនេះ។

ឯកអគ្គរដ្ឋទូតចិន ចម្លើយទី១៖

ខ្ញុំសូមនិយាយឱ្យស្មោះត្រង់, ចិនគឺជាប្រទេសដំបូងគេ ដែលបានរាយការណ៍ពីករណីឆ្លង COVID-19។ តែនេះមិនមែនមានន័យជាស្វ័យប្រវត្តិថា វីរុសនេះមានប្រភពដើមក្នុងប្រទេសចិននោះទេ។ វាមានភស្ដុតាងកាន់តែច្រើនឡើងបង្ហាញថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបនាំគ្នាសង្ស័យរួចទៅហើយពីករណីឆ្លង COVID-19 មុននឹងចិនរាយការណ៍ និងកំណត់អត្តសញ្ញាណវីរុសនេះទៅទៀត។ វីរុសនេះមិនត្រូវបានរាយការណ៍ នៅកន្លែងណាផ្សេងទេ តែក៏មិនប្រាកដថា វាមិនមាននៅកន្លែងដទៃទៀត ឬក៏ត្រូវទម្លាក់កំហុសលើប្រទេសដែលរកឃើញវីរុសនេះមុនគេនោះដែរ។

ការស្វែងរកប្រភពដើមនៃវីរុស គឺជាកិច្ចការរបស់អ្នកវិទ្យាសាស្ត្រ ដោយមិនត្រូវឡូកឡំជាមួយរឿងនយោបាយនោះទេ។ ចិនបានទទួលជោគជ័យក្នុងការ គ្រប់គ្រងការឆ្លងរាលដាល COVID-19 ក្នុងរយៈពេលខ្លី ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ជាសកល។

វាមានទិដ្ឋភាពសំខាន់ៗចំនួន៣៖

ទី១៖ អ្វីដែលស្ថិតនៅដំបូងគេ និងសំខាន់បំផុតនោះ គឺភាពជាមេដឹកនាំដ៏រឹងមាំ។ គណបក្សកុម្មុយនិស្ដចិន និងរដ្ឋាភិបាលចិនដែលតែងតែគិតគូរជាអាទិភាព លើសុខមាលភាពប្រជាជន បានធ្វើសកម្មភាពភ្លាមៗ ដោយប្រមូលកម្លាំងនៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆំាងជាមួយ COVID-19។ ការកៀរគរកម្លាំងនេះធ្វើឡើងយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ បានចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលក្នុងរយៈពេលដ៏ខ្លី។ ប្រទេសជាច្រើននៅក្នុងតំបន់ ក្នុងនោះរួមមានទាំងកម្ពុជា ក៏បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ផ្ទុយពីវិធានការរបស់សហរដ្ឋអាមេរិកដែលគ្មានប្រសិទ្ធភាព និងចេះតែទម្លាក់កំហុសលើអ្នកដទៃ។

ទី២៖ វិធានការដែលដាក់ចេញប្រកបដោយប្រសិទ្ធភាព គឺឈរលើមូលដ្ឋានវិទ្យាសាស្រ្ត។ ចិនបានកំណត់អត្តសញ្ញាណមុនគេបំផុត នូវលំដាប់ហ្សែននៃវីរុស COVID-19, កំណត់ពីការណែនាំនូវការព្យាបាល និងគោលការណ៍ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលបានដើរតួនាទីយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ មកទល់នឹងសព្វថ្ងៃ។ ចិនក៏ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលអភិវឌ្ឍវ៉ាកសាំង COVID-19 និងបានប្ដេជ្ញាចិត្តធ្វើឱ្យវ៉ាក់សាំង ក្លាយជាផលិតផលសាធារណៈសកល ដើម្បីជួយដល់បណ្ដាប្រទេសជាច្រើនដូចជាកម្ពុជា បង្កើតប្រព័ន្ធភាពសុំានៅពេលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។ បន្ថែមពីលើវិធីសាស្ត្រព្យាបាល, ឱសថចិនដូចជា ថ្នាំ Lianhua Qingwen និង Huashi Baidu Granules ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង និងនៅក្រៅប្រទេសចិន ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ។

ទី៣៖ ការចូលរួមរបស់ប្រជាជនចិនទូទាំងប្រទេស។ បន្ទាប់ពី COVID-19 ផ្ទុះឡើងភ្លាម ប្រជាជនចិន ១.៤ពាន់លាននាក់បានបង្ហាញពីសាមគ្គីភាពយ៉ាងអស្ចារ្យ ដើម្បីយកឈ្នះលើបញ្ហាប្រឈមទាំងឡាយ។ រាប់ចាប់ពីរដ្ឋធានីដល់ទីជនបទ ប្រជាជនទាំងអស់មកពីគ្រប់ស្រទាប់វណ្ណៈ បានប្រកៀកស្មាធ្វើការរួមគ្នាបង្ហាញពីភាពប៉ិនប្រសប់ និងភាពខ្លាំងនៃកម្លាំងសាធារណៈជន ដែលធ្វើឱ្យវីរុសមិនអាចចូលមកជិត។


លឹម ជាវុត្ថា សំណួរទី២៖

ចិនជាមហាអំណាចមួយដែលមានសណ្តានចិត្តធំធេងចំពោះកម្ពុជា ក្រៅពីផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានយ៉ាងអនេកដល់កម្ពុជា, ចិនបានផ្តល់ជំនួយ វ៉ាក់សាំងជាច្រើនលានដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៅកម្ពុជា។ ក្នុងន័យនេះតើឯកឧត្តម អាចបញ្ជាក់បានទេថា តើវ៉ាក់សាំង Sinopharm និង Sinovac ដែលផ្តល់ជូនកម្ពុជាមានប្រសិទ្ធិភាពប៉ុន្មានភាគរយ ក្នុងការប្រឆាំងជាមួយវីរុសបំប្លែងថ្មី Delta ហើយតើចិនមានផែនការចាក់ដូសទី៣ និងផែនការផលិតថ្នាំគ្រាប់ (សម្រាប់លេប) ដើម្បីព្យាបាលជំងឺកូវីដ១៩ឬទេ ខណៈប្រទេសមួយចំនួនបាននិងកំពុងចាក់ដូសទី៣ និងកំពុងផលិតថ្នាំគ្រាប់។

ឯកអគ្គរដ្ឋទូតចិន ចម្លើយទី២៖

ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលបានចូលរួមចំណែកកសាងទំនាក់ទំនងមិត្ត ឱ្យកាន់តែរ៉ឹងមាំដូចដែកថែប និងជឿជាក់គ្នាទៅវិញទៅមក។ ចាប់តាំងពី COVID-19 ផ្ទុះឡើង ចិន និងកម្ពុជាបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ពីសាមគ្គីភាពយ៉ាងរឹងមាំ... នៅពេលកម្ពុជាស្ថិតនៅក្នុងស្ថានការណ៍បន្ទាន់ រដ្ឋាភិបាលចិន និងយោធាចិនបានបញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្ត្ររបស់ខ្លួនទៅកាន់កម្ពុជា ហើយចិនក៏បានក្លាយជាអ្នកផ្គត់ផ្គត់វ៉ាក់សាំងដំបូងគេបំផុតដល់កម្ពុជាផងដែរ ដោយក្នុងវ៉ាក់សាំងច្រើនជាង ២១លានដូស ត្រូវបានប្រគល់រួចរាល់ ទាំងក្រោមរូបភាពអំណោយ និងការទិញ។

ចំណែកពាក់ព័ន្ធនឹងប្រសិទ្ធភាពវ៉ាក់សាំង ប្រឆាំងវីរុសបំប្លែងថ្មី Delta បើយោងតាមលោក Zhong Nanshan បញ្ញវន្តមកពីបណ្ឌិតសភាវិស្វកម្មចិន ប្រសិទ្ធភាពនៃការ ការពាររបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុស Delta គឺ ១០០ភាគរយសម្រាប់ករណីឈឺធ្ងន់, ៧៦.៩ភាគរយ សម្រាប់ករណីមធ្យម, ៦៧.២ភាគរយសម្រាប់ករណីស្រាល និង ៦៣.២ភាគរយសម្រាប់ករណីគ្មានរោគសញ្ញា។ វាគឺជាអ្វីដែលយើងបានរៀនសូត្រនៅទីក្រុង Guangzhou កាលពីខែឧសភាកន្លងទៅ។

ជាមួយគ្នានេះ ប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិន ត្រូវបានបង្ហាញយ៉ាងពេញលេញ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសទទួលវ៉ាក់សាំងចិនថ្មីបន្ថែមទៀត បាននិយាយថា ទោះបីវីរុស Delta បានរាតត្បាតខ្លាំងក៏ដោយ ចំនួនករណីឆ្លងថ្មីៗនៅកម្ពុជា គឺមិនបានលោតឡើងខ្លាំងឡើយ ដែលជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ។

សម្រាប់ការចាក់វ៉ាក់សាំងដូសទី ៣ ដើម្បីជំរុញការការពារ ក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសជាច្រើនថា បានយល់ស្របគ្នាថា វាពិតជាអាចជួយ ប៉ុន្តែការចាក់ត្រូវធ្វើឡើងក្រោមបែបបទវិទ្យាសាស្រ្ត ដែលជាអ្វីកំពុងស្ថិតក្រោមការវាយតម្លៃនៅក្នុងប្រទេសចិន។ យ៉ាងណាក្តីសម្រាប់ករណីស្រាលៗ ឱសថបុរាណចិនដូចជា ថ្នាំ Lianhua Qingwen និង Huashi Baidu ត្រូវបានបញ្ជាក់ថា មានប្រសិទ្ធភាពដើម្បីទប់ទល់។


លឹម ជាវុត្ថា សំណួរទី៣៖

WHO ធ្លាប់បានលើកឡើងថា វីរុសកូរ៉ូណា «មិនមែនបង្កើតឡើងដោយមនុស្ស» ហើយតាមរបាយការណ៍ក៏បង្ហាញថា វីរុសកូរ៉ូណានេះអាចមាន ការឆ្លងរាលដាលនៅតាមប្រទេសច្រើន មុនត្រូវបានរកឃើញនៅក្នុងទីក្រុងវូហាន ប្រទេសចិន ហើយ WHO ក៏បានស្នើសុំឲ្យមហាអំណាចទាំងអស់ កុំយករឿង «ស្វែងរកប្រភពដើម នៃវីរុសកូរ៉ូណា» ពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែការអះអាងរបស់ WHO បែបនេះហាក់គ្មានប្រសិទ្ធភាព, មហាអំណាចមួយចំនួននៅតែបន្ត ទាមទារស្វែររកប្រភពដើមនៃវីរុសនេះ នៅទីក្រុងវូហាន តើទង្វើនេះបង្ហាញពីចេតនាអ្វីដែរ ? សូមឯកឧត្តមជួយពន្យល់ !

ឯកអគ្គរដ្ឋទូតចិន ចម្លើយទី៣៖

តាំងពីដើមរហូតមក ចិនបានប្រកាន់ជាប់ជានិច្ចនូវឥរិយាបថបែបវិទ្យាសាស្រ្ត ពេលចូលរួមកិច្ចសហប្រតិបត្តិការជាសកល លើការងារតាមដានរកប្រភព COVID-19 ដោយឈរលើគោលការណ៍វិទ្យាសាស្រ្ត។ ក្រុមអ្នកជំនាញ WHO ត្រូវបានអញ្ជើញមកកាន់ប្រទេសចិនដល់ទៅពីរលើក សម្រាប់ការស្រាវជ្រាវ តាមដានរកប្រភពដើមនៃវីរុស។ កាលពីខែមីនា ឆ្នាំ២០២១ WHO បានចេញជាផ្លូវការនូវរបាយការណ៍រួម រៀបចំដោយក្រុមស្រាវជ្រាវរួម WHO-ចិន ដែលបានផ្តល់ការសន្និដ្ឋានប្រកបដោយភាពត្រឹមត្រូវ មានវិជ្ជាជីវៈ និងឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ស្តីពីការតាមដានរកប្រភពវីរុស។ មតិភាគច្រើនក្នុងសហគមន៍វិទ្យាសាស្រ្តអន្តរជាតិ បានយល់ឃើញថា វាទំនងជាមិនអាចទៅរួចទាល់តែសោះដែល COVID-19 បានលេចធ្លាយចេញមកពីមន្ទីរពិសោធន៍។

យ៉ាងណាមិញ សហរដ្ឋអាមេរិកបានប្រែក្លាយវិបត្តិជំងឺរាតត្បាតសកលនេះ ឲ្យទៅជាបញ្ហានយោបាយ ហើយព្យាយាមបង្កឲ្យមានរើសអើងចំពោះចិន តាមរយៈការប្រើពាក្យ ដូចជា «វីរុសវូហាន» ព្រមទាំងយកការតាមដានរកប្រភពវីរុស ធ្វើជាអាវុធវាយប្រហារទៅលើចិន ដើម្បីបង្វែរការទទួលខុសត្រូវ សម្រាប់ភាពបរាជ័យរបស់ខ្លួន ក្នុងការឆ្លើយតបវិបត្តិ COVID-19 និងដើម្បីសម្រេចបាននូវគោលដៅនយោបាយរបស់ខ្លួន គឺបង្ខូចកិត្តិយស និងរាំងខ្ទប់ប្រទេសដទៃទៀត។

ទង្វើទាំងអស់នេះ បានបង្កជាឧបសគ្គយ៉ាងធំ ចំពោះការងារតាមដានរកប្រភពវីរុស ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងវិបត្តិជំងឺរាតត្បាតជាសកលនេះ។ ការលេងល្បែងនយោបាយរបស់សហរដ្ឋអាមេរិក បានទទួលរងការប្រឆាំងជំទាស់យ៉ាងផុសផុល ពីសំណាក់សហគមន៍អន្តរជាតិ។ មកទល់ពេលនេះ ប្រទេសចំនួន ៧៦ បានសរសេរលិខិតផ្ញើទៅកាន់អគ្គនាយក WHO ដោយសង្កត់ធ្ងន់ថា ការងារតាមដានរកប្រភពវីរុស គឺជាបញ្ហាវិទ្យាសាស្រ្តសុទ្ធសាធ ដែលមិនគួរត្រូវប្រែក្លាយទៅជាបញ្ហានយោបាយឡើយ ហើយរបាយការណ៍រួមគ្នារវាងចិន និង WHO គួរតែទទួលបានការគាំទ្រឲ្យពេលលេញ។

អ្នកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងប្រជាជន មកពីប្រទេសជាច្រើន បាននាំគ្នាចេញមុខបញ្ចេញមតិ ដោយចោទប្រកាន់សហរដ្ឋអាមេរិក ពីការព្យាយាមប្រែក្លាយការងារតាមដានរកប្រភពវីរុស ទៅជារឿងនយោបាយ។ ប្រជាជនចិនជាង ២០លាននាក់ ក៏បានដាក់ញ្ញត្តិតាមអនឡាញទៅកាន់ WHO ដើម្បីទទូចឲ្យមានការស៉ើបអង្កេតទៅលើ មន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick នៅសហរដ្ឋអាមេរិកផងដែរ។

បើតាមប្រភពក្រៅផ្លូវការ សហរដ្ឋអាមេរិកកំពុងរៀបចំបង្កើតរបាយការណ៍មួយ ស្តីពីការតាមដានប្រភព COVID-19 ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែយើងឆ្ងល់ថា តើវានឹងមានសភាពបែបណាទៅ ក្រៅតែពីដូចជាអ្វីដែលត្រូវបានគេប្រឌិតឡើងសុទ្ធសាធ។ សហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ថា នៅចំពោះមុខធាតុពិតជាក់ស្តែង រួមទាំងវិទ្យាសាស្រ្ត និងភាពយុត្តិធម៌ ការប៉ុនប៉ងរបស់ខ្លួនក្នុងការប្រែក្លាយ ការងារតាមដានរកប្រភពដើមវីរុស ឲ្យទៅជាបញ្ហានយោបាយ គឺមិនត្រឹមតែផ្ទុយនឹងបំណងប្រាថ្នារួមរបស់មនុស្សជាតិប៉ុណ្ណោះទេ តែវាត្រូវកំណត់រួចហើយថា នឹងទទួលបរាជ័យផងដែរ។ និយាយឲ្យខ្លី អ្វីដែលអាមេរិកកំពុងធ្វើនេះ នឹងបង្កផលវិនាសទៅឲ្យខ្លួនឯងវិញជាក់ជាមិនខាន។

ខ្ញុំចង់គូសបញ្ជាក់ថា ការប្រែក្លាយការងារតាមដានរកប្រភពវីរុសទៅជារឿងនយោបាយ គឺជាឧបសគ្គធំបំផុត ចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងវិបត្តិ COVID-19 ខណៈគោលជំហររបស់ចិន ស្តីពីការងារតាមដានរកប្រភពវីរុសជាសកល គឺគ្មានអ្វីប្រែប្រួល និងត្រូវបានបង្ហាញយ៉ាងច្បាស់លាស់បំផុត។

ទីមួយ៖ ការសិក្សាស្វែងរកប្រភពដើមនៃវីរុស គឺជាកិច្ចការនៃផ្នែកវិទ្យាសាស្ត្រ។ វាគួរតែ និងអាចទុកសម្រាប់ឲ្យតែក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការស្វែងរងប៉ុណ្ណោះ, តាមរយៈការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការស្វែងរកប្រភពនៃការវិវឌ្ឍរបស់វីរុស និងការចម្លងពីសត្វមកកាន់មនុស្ស។ គ្មានប្រទេសណាមួយមានសិទ្ធិ ក្នុងការយកផលប្រយោជន៍នយោបាយខ្លួន តម្កល់ពីលើអាយុជីវិតមនុស្ស ឬក៏យកបញ្ហានៃផ្នែកវិទ្យាសាស្ត្រនេះ សម្រាប់បំពេញហិច្ឆតាខ្លួនឯង និងវាយប្រហារលើប្រទេសដទៃនោះឡើយ។

ទីពីរ៖ ការរកឃើញ និងបញ្ចេញមតិយោបល់នៅក្នុងរបាយការណ៍រួមរបស់ក្រុមការងារចិន និង WHO ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ដោយសហគមន៍អន្តរជាតិ និងក្រុមអ្នកវិទ្យាសាស្ត្រ ហើយគ្រប់គ្នាត្រូវតែគោរព និងអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមទាំង WHO ផងដែរ។ កិច្ចការនាពេលអនាគត ក្នុងការការតាមដានរកប្រភពដើម (វីរុស) ជាសកល គួរតែនិងត្រូវតែដំណើរការ ដោយឈរលើមូលដ្ឋានដែលមានស្រាប់នេះ ជាជាងការបង្កើតទិសដៅថ្មីឡើងវិញ។

ទីបី៖ ប្រទេសចិនមានទាំងការគាំទ្រ និងឆន្ទៈអមមកជាមួយ ក្នុងការបន្តចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកប្រភពដើមវីរុស ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ អ្វីដែលប្រទេសចិនប្រឆាំងជំទាស់នោះ គឺការយកការតាមដានរកប្រភពដើមវីរុស ទៅពាក់ព័ន្ធនឹងរឿងនយោបាយ ឬក៏ការតាមដានរកប្រភពដើម ដែលដើរផ្ទុះនឹងដំណោះស្រាយរបស់ WHA (World Health Assembly) និងរបាយការណ៍រួមរបស់ក្រុមអ្នកសិក្សាអន្តរជាតិ។

ទីបួន៖ អគ្គលេខាធិការ WHO គួរតែដើរតួនាទីចំពោះដំណោះស្រាយនៃ WHA ដោយធ្វើការពិគ្រោះយោបល់ យ៉ាងហ្មត់ចត់ជាមួយរដ្ឋជាសមាជិក លើផែនការការងារតាមក្បួនច្បាប់សកល រួមទាំងយន្តការតាមដាន និងគោរពយ៉ាងពេញទំហឹង នូវទស្សនៈរបស់រដ្ឋជាសមាជិក។ អ្វីដែលសំខាន់ខ្លាំង ផែនការសម្រាប់ការតាមដានប្រភពដើម (វីរុស) ដែលពាក់ព័ន្ធនឹងប្រទេសណាមួយនោះគឺត្រូវតែសម្រេចចិត្ត តាមរយៈការពិគ្រោះយោបល់ជាមួយ ប្រទេសដែលពាក់ព័ន្ធនោះដោយផ្ទាល់ ព្រោះវានឹងផ្តល់នូវមូលដ្ឋានច្បាស់លាស់ សម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពដែលនឹងត្រូវអនុវត្ត។

វីរុសមិនដែលស្គាល់ព្រំដែននោះឡើយ ហើយក៏មិនចេះបែងចែក រវាងការរត់ប្រណាំងគ្នានោះដែរ។ ចិនក៏ជាប្រទេសរងគ្រោះ ដោយសារជំងឺរាតត្បាតសកល ដូចនឹងប្រទេសផ្សេងៗទៀតដែរ។ ដោយមើលទៅលើការបន្តរាតត្បាត និងបំប្លែងខ្លួននៃវីរុស ភាពចាំបាច់បំផុតពេលនេះនៅតែជាការរួមគ្នា បង្កើនការផ្គត់ផ្គង់វ៉ាកើសាំងប្រឆាំង COVID-19 និងជំរុញការរួបរួមសាមគ្គីគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការ។

ការស្វែងរកប្រភពដើមនៃវីរុស ត្រូវតែឈរលើគោលការណ៍វិទ្យាសាស្ត្រ ហើយការយករឿងនេះទៅឡូកឡំនឹងនយោបាយ ត្រូវតែទទួលការបដិសេធយ៉ាងដាច់ខាត។ ប្រទេសចិននឹងបន្តធ្វើការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីសិក្សាស្វែងរកប្រភពដើម (វីរុស) ជាសកល ដោយឈរលើមូលដ្ឋានផ្នែកវិទ្យាសាស្ត្រ ហើយនឹងបរិច្ចាគអ្វីដែលចិនមាន ដើម្បីជួយមនុស្សលោកឲ្យទទួលជោគជ័យទាំងស្រុង លើជំងឺរាតត្បាតសកល COVID-19។


លឹម ជាវុត្ថា សំណួរទី៤៖

ក្រៅពីប្រទេសចិនខ្លួនឯង ដែលជាកន្លែងផលិតវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនខ្លួន និងសម្រាប់ផ្តល់ជំនួយដល់បណ្តាប្រទេសជាច្រើនលើសកលលោក តើមិត្តចិនមានផែនការបង្កើតទីកន្លែងថ្មីសម្រាប់ផលិតវ៉ាក់សាំងនៅក្រៅពីប្រទេសចិនដែរឬទេ ? តួយ៉ាងដូចជាប្រទេសកម្ពុជាជាដើម។ ជាមួយនោះដែរខណៈតម្រូវការវ៉ាក់សាំងរបស់កម្ពុជា នៅតែមានតម្រូវការសម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន តើមហាមិត្តចិនមានផែនការផ្តល់ជំនួយវ៉ាក់សាំងបន្ថែមទៀតដល់កម្ពុជាទេ ?

ឯកអគ្គរដ្ឋទូតចិន ចម្លើយទី៤៖

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំង ៨០០លានដូស ទៅកាន់ប្រទេសនានាលើពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ ដែលជាការបំពេញនូវការប្តេជ្ញាដ៏មុតមាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការធ្វើឱ្យវ៉ាក់សាំងចិន ផ្តល់ផលប្រយោជន៍សាធារណៈជាសកល។

ប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ២១.៧លានដូសរួចទៅហើយ ជូនដល់ប្រទេសកម្ពុជា ក្នុងនោះ៣.២លានដូសគឺជាជំនួយ ដើម្បីគាំទ្រផែនការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន១០លាននាក់ នៅទូទាំងប្រទេស។ ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំង និងបរិក្ខាវេជ្ជសាស្ត្រផ្សេងទៀតទៅដល់ប្រទេសកម្ពុជា តាមសមត្ថភាពរបស់ខ្លួន ដើម្បីដើរតួជាខ្នងបង្អែកយុទ្ធសាស្ត្រសម្រាប់កម្ពុជា។

បន្ថែមពីលើការផ្តល់វ៉ាក់សាំងដោយផ្ទាល់ ប្រទេសចិនក៏កំពុងធ្វើការងារ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន ទៅលើផលិតកម្មនៃវ៉ាក់សាំងផងដែរ ដើម្បីជំរុញការផ្គត់ផ្គង់, លទ្ធភាពទទួលបាន និងតម្លៃសមរម្យ។ នេះគឺជាទិដ្ឋភាពនៃដំណើរវិវឌ្ឍ ដែលខ្ញុំជឿជាក់ថានឹងបន្តលាតត្រដាង និងពង្រីកបន្ថែមទៀត ដើម្បីបំពេញដំណើរការផលិត។ ខ្ញុំពិតជាសង្ឃឹមថា ប្រទេសកម្ពុជានឹងមានឱកាសបែបនេះដែរ៕