(ស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ប្រភេទថ្មី Delta ចំនួន៧នាក់ទៀត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហានេះ។
រដ្ឋបាលខេត្ត បានឱ្យដឹងថា «នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានទទួលលទ្ធផលវិភាគសំណាកអ្នកជំងឺដែលបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហាកន្លងទៅថ្មីនេះ ពីវិទ្យាស្ថានប៉ាស្ទ័រ ក្នុងនោះបានបញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូវីដ១៩ ប្រភេទថ្មី (Delta) ចំនួន ៧នាក់ និងមានករណីសង្ស័យប្រភេទ Delta នេះ ចំពោះអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលសរុបមកដល់ពេលនេះ ក្នុងខេត្តស្ទឹងត្រែងយើង មានអ្នកជំងឺកូដ១៩ ដែលផ្ទុកមេរោគប្រភេទថ្មី Delta ចំនួនដល់ទៅ ៩នាក់ហើយ»។
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត សូមអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្ន ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំ។ ទន្ទឹមនោះសូមប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួន និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ថាខេត្តស្ទឹងត្រែង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវទទួលការពិន័យ។
ករណីចាំបាច់ ឬសង្ស័យដោយប្រការណាមួយ សូមទំនាក់ទំនងក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទដូចតទៅនេះ៖ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីអនុវត្តវិធានការបច្ចេកទេសទាន់ពេលវេលា៕