(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលក្នុងក្រុងស្ទឹងសែន សូមប្រុងប្រយ័ត្នខ្ពស់បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ ខណៈមេរោគកូវីដ១៩ បំប្លែងថ្មី Delta កំពុងរាតត្បាតនៅក្នុងក្រុងស្ទឹងច្រើន។
លោកបានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនក្រុងស្ទឹងសែនប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់កុំចេញក្រៅផ្ទះ។ មាន Delta ច្រើនអ្នកវិជ្ជមានថ្ងៃមុន 17-8-2021»។
តាមលោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំថា ប៉ុន្មានថ្ងៃនេះ នៅក្នុងក្រុងស្ទឹងសែន បានធ្វើការបិទផ្សារលក់ដូរជាបណ្តោះអាសន្នមានចំនួន៣ ក្នុងនោះមានផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ហើយបានឱ្យអាជីវករមកយកសំណាកឃើញថារកឃើញនូវជំងឺកូវីដ១៩ ជាច្រើន តាមរយៈការធ្វើតេស្ត។
ក្នុងនោះរដ្ឋបាលខេត្តកំពង់ធំ ក៏បានយកសំណាកទៅមន្ទីរពិសោធន៍ប៉ាស្ទ័រ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ប្រភេទ Detal ចំនួន ១៧នាក់ ហើយរដ្ឋបាលខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់បងប្អូនដែលមានជាប់ពាក់ព័ន្ធ នឹងបញ្ជីឈ្មោះដែលរដ្ឋបាលខេត្ត បានរកឃើញនោះសូមមេត្តាមកយកសំណាកឱ្យបានទាន់ពេលវេលា៕