(បន្ទាយមានជ័យ)៖ ថ្លែងនៅក្នុងពិធីប្រកាស ចូលកាន់តំណែង លោក សួន បវរ ពីអភិបាលរង ទៅជាអភិបាល ខេត្តបន្ទាយមានជ័យ ជំនួសលោក គោស៊ុ សារឿត ដែលត្រូវចូលនិវត្តន៍ និងឡើងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រៀនរំលឹកជាថ្មីដល់ លោកអភិបាលខេត្តទ្បើងថ្មី និងអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តន៍ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ឲ្យបិទច្រករបៀង និងណែនាំប្រជាពលរដ្ឋកុំជួលដីឲ្យប្រទេសជិតខាង។
សម្តេចក្រទ្បាហោម ស ខេង បានថ្លែងបញ្ជាក់ថា «កាលណាយើងបើកឲ្យមានច្រករបៀង នឹងមានអំពើរត់ពន្ធខុសច្បាប់ ដែលធ្វើឲ្យបាត់បង់ចំណូលថវិការដ្ន និងមានជនអន្តោប្រវេសន៍ខុសច្បាប់ផងដែរ ហើយបញ្ហាជួលដីឲ្យប្រទេសជិតខាង វានាំឲ្យមានការស្មុគស្មាញទៅថ្ងៃក្រោយ ដែលរាជរដ្ឋាភិបាលពិបាក នឹងដោះស្រាយ ដូច្នេះអាជ្ញាធរត្រូវមានវិធានការ ប្រកបដោយប្រសិទ្ធភាព»។
សម្តេច ស ខេង បានបានសង្កត់ធ្ងន់ថា «បញ្ហាដីធ្លីមិនថាខេត្តណាឡើយ គឺមានបញ្ហានេះ ខ្លះបក្សប្រឆាំងយកបញ្ហានេះ គេងចំណាញសន្លឹកឆ្នោត ដូច្នេះយើងត្រូវតែដោះស្រាយជូនពួកគាត់ភ្លាមៗ ហើយយើងមិនត្រូវប្រើយុទ្ធនាការតុលាការ បើអាចត្រូវបញ្ជៀសកុំមានបញ្ហាជាមួយប្រជាពលរដ្ឋ»។
ជាងនេះ សម្តេចក្រទ្បាហោម ស ខេង បានជំរុញអជ្ញាធរខេត្តដោះស្រាយបញ្ហាខ្វះខាតទឹករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។ សម្តេចថ្លែងថា «ភាពរីងស្ងួតនេះ វាមានទូទាំងសកលលោក សូមឲ្យអាជ្ញាធរខេត្ត ចាំបាច់ត្រូវតែតាមដានបញ្ហានេះ ប្រជាពលរដ្ឋខ្វះខាត់ទឹកប្រើប្រាស់ប្រចាំថ្ងៃ ព្រោះប្រជាពលរដ្ឋគាត់គ្មានទឹកសុទ្ធហូបឡើយ មានតែទឹកធម្មតា ត្រូវតែយកចិត្តទុកដាក់ ដើម្បីសង្គ្រោះពួកគាត់ឲ្យឆាប់រហ័ស»។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញមានកាតព្វកិច្ចធ្វើ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ចុះបញ្ជីអាពាហ៍ពិពាហ៍ ឲ្យបានទាន់ពេលវេលា៕