(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអំពាវនាវ និងផ្ដាំផ្ញើដល់កងកម្លាំង និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមកទទួលការវ៉ាក់សាំងដូសទី៣នេះ បន្តយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដែលស្របទៅតាមអ្វីដែលជាគោលការណ៍ និងវិធានការសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការអំពាវនាវ និងផ្ដាំផ្ញើនេះខណៈលោកអភិបាលខេត្ត ជាវ តាយ បានដឹកនាំអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត ចុះពិនិត្យសកម្មភាព ការដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទអាស្ត្រាហ្សេនីកា ជូនអតីតយុទ្ធជន និងយោធិន ព្រមទាំងក្រុមគ្រួសារ ដែលបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យ ទាំងស៊ីវិល និងយោធា ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

លោកអភិបាលខេត្ត ក៏បានសម្ដែងក្ដីរីករាយ ដោយឃើញអតីតយុទ្ធជន និងយោធិន ព្រមទាំងក្រុមគ្រួសារ មកទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ យ៉ាងផុលផុស និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចតេជោ ជូនដល់
កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារអតីតយុទ្ធជនដែលមកទទួលការចាក់វ៉ាក់សាំងខាងលើនេះ ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ក៏ដូចជាបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនមិនដែលភ្លេចម្ដងណាឡើយ។

ជាក់ស្ដែងនៅពេលនេះស្រាប់ សម្ដេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយមិនមានការរើសអើងឡើយ រហូតមកទល់ពេលនេះបានប្រមាណ ៨០ភាគរយនៃចំនួន ផែនការសរុប ១០លាននាក់ និងកំពុងបន្តចាក់ ដល់ក្មេង និងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៨ឆ្នាំ និងបានបន្តជំរុញចាក់ដូសទី៣ ជូនកងកម្លាំង មន្ត្រីរាជការជួរមុខ និងបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋងាយប្រឈមការឆ្លងជំងឺកូវីដ១៩នេះផងដែរ។

សូមរំលឹកថា តាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ បានផ្ដល់ជូនវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រភេទអាស្ត្រាហ្សេនីកា ដូសទី៣ ឬដុសជំរុញ សម្រាប់ខេត្តកំពត ដើម្បីធ្វើការចាក់ជូនបងប្អូន និងក្រុមគ្រួសារអតីតយុទ្ធជនខេត្តកំពត ចំនួន ៤.២៣៨នាក់៕