(សៀមរាប)៖ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែ សីហា បានដឹកនាំសមាជិកសមាជិកា រួមនិងថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ សរុបជាង ៧ពាន់នាក់ ទៅទទួលការចាក់វ៉ាក់សាំង ដូសទី៣ ដែលជាដូសជំរុញ ប្រភេទអាស្រ្ដាហ្សេនីកា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើមី្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

លោកបន្ថែមទៀតថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់ប្រជាពលរដ្ឋ សំខាន់លើសុខភាពសាធារណៈជូនប្រជាពលរដ្ឋ។

ជាក់ស្ដែងនៅពេលនេះស្រាប់ សម្ដេចនាយករដ្ឋមន្ត្រី បានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើង រហូតមកទល់ពេលនេះបានប្រមាណ ៨០ភាគរយ នៃចំនួនផែនការសរុបដប់លាននាក់ និង កំពុងបន្តចាក់ដល់ក្មេង និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំដល់១៨ឆ្នាំ និងបានបន្តជំរុញចាក់ដូសទី៣ ជូនកងកម្លាំង មន្ត្រីរាជការជួរមុខ និង ក៏ដូចជាប្រជាពលរដ្ឋងាយប្រឈមការឆ្លងជំងឺកូវីដ១៩ នេះផងដែរ។

បច្ចុប្បន្នកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាប មានការឆ្លងជំងឺកូវីដ១៩ មិនទាន់មានភាពធូរស្បើយនៅឡើយ លោកប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវ និងផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការណែនាំរបស់សុខាភិបាល ក៏ដូចវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕