(ត្បូងឃ្មុំ)៖ កង់ ដែលជាជំនួយរបស់សម្បុរសជនជប៉ុនចំនួន ៤០០គ្រឿងទៀតហើយ ត្រូវបានយកទៅជូនសិស្សកំព្រា និងក្រីក្រនៅ ស្រុកតំបែរ និងស្រុកក្រូចឆ្មារនៅក្នុងខេត្តត្បូងឃ្មុំ ធ្វើឲ្យសិស្សក្រីក្រ ដែលខ្វះមធ្យោបាយក្នុងការសិក្សារៀនសូត្រនេះ កើតក្តីរំភើបសប្បាយរីករាយគ្រប់ៗគ្នា។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងពេលចែកកង់ដល់សិស្សកំព្រា និងក្រីក្រ នៅ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ថា ប្រទេសជប៉ុន ជាដៃគូរសំខាន់មួយ ជាពិសេសអង្គការក្រៅរាជរដ្ឋាភិបាល កុកឹសៃ បានចូល រួមចំណែកជាបន្តបន្ទាប់ ក្នុ្ងងការផ្តល់ជាសម្ភារៈផ្សេងៗ ជួយមកដល់កុមារកំព្រារកម្ពុជា។ ជាក់ស្តែងការផ្តល់កង់នេះ បានជួយដល់កុមារក្រីក្រកម្ពុជា ឲ្យមានលទ្ធភាពបន្តស្វែងរកចំណេះដឹងបន្ថែម ឬការប្រកបមុខរបរផ្សេងៗជាដើម។
លោករដ្ឋមន្រ្តី បន្តទៀតថា ក្រៅពីការផ្តល់ជំនួយពីប្រទេសជាដៃគូរ ឬអង្គការ ដែលជាដៃគូនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏យកចិត្តទុក ដាក់យ៉ាងខ្លាំង លើការលើកម្ពស់កុមារៗ ព្រោះពួកគេជាទំពាងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាល បានកំពុងជំរុញយកចិត្តទុកដាក់លើវិស័យអប់រំនេះ ដើម្បីឲ្យកម្ពុជាជាប្រទេសមានធនធានមនុស្ស ប្រកបដោយសក្តានុពល ដើម្បីជម្រុញឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈបឈរផងដែរ។
លោក វង សូត បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ និយាយរួម និងនិយាយដោយឡែក ស្ថានភាពនៃការវិវត្តន៍ទៅមុខរបស់ស្រុកតំបែរ ក៏មានការប្រែប្រួលរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរផងដែរពីមួយឆ្នាំទៅមួយឆ្នាំ។
លោកគូសបញ្ជាក់ថា «វឌ្ឍនភាពនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់រួមចំណែកពីសំណាក់ថ្នាក់ដឹកនាំ និង ពីគ្រប់កោសិកាសង្គមដែលរួមមានស្ថាប័ននានារបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់ផ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជន និងការចូលរួមរបស់ប្រជាជនផងដែរ»។
លោកស្រី គឹម គិមឡាង តំណាងអង្គការកុមារអាស៊ីអេសស្បេការ បានឲ្យដឹងថា នេះជាលើកទី៤៤ ហើយ ដែលអង្គការ កុកឹសៃ បានផ្តល់កង់ជូនដល់មជ្ឈមណ្ឌលកុមារកំព្រារ នឹងតាមបណ្តាសហគមន៍ក្រីក្រផ្សេងៗ សរុបកង់ទាំងអស់ មានជិត ២ម៉ឺនគ្រឿង សម្រាប់ការអនុវត្តន៍គម្រោង ចាប់តាំងពីឆ្នាំ២០០៩ មកដល់ពេលបច្ចុប្បន្ន ហើយសម្រាប់ពេលនេះផងដែរ គឺអង្គការបានផ្តល់កង់ចំនួន៤០០គ្រឿងបន្ថែមទៀត ដើម្បីឲ្យកុមារនៅក្នុងស្រុកទាំងពីរនេះ ទទួលបានឱកាសកាន់តែប្រសើរផងដែរ។
លោកស្រី តំណាងអង្គការកុមារអាស៊ីអេសស្បេការ បានសំណូមពរឲ្យប្អូនៗ ដែលទទួលបានកង់នៅក្នុងថ្ងៃនេះ ត្រូវរក្សាកង់ឲ្យបានល្អ ព្រោះវាផ្តល់សារៈសំខាន់ដល់ប្អូនៗ ក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ និងត្រូវជិះគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតមានឡើង និងសូមឲ្យប្អូនៗត្រូវខិតខំរៀនសូត្រឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយទៅជាមនុស្សល្អក្នុងសង្គម នឹងជាទំពាងស្នងឫស្សីពិតប្រាកដ៕