(តាកែវ)៖ ប្រជានេសាទភូមិចំនួន៤ រួមមាន ភូមិព្រែកដា ភូមិទួលពុទ្រ្ទា ភូមិបាក់ដាយ និងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ បានឆ្លៀតពេលក្រៅពីរដូវធ្វើស្រែចម្ការ បាននាំគ្នានេសាទត្រីដើម្បីរកប្រាក់បន្ថែមផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសារ។
ប៉ុន្តែពួកគាត់បានត្អូញត្អែរថា នៅរដូវទឹកឡើងឆ្នាំនេះ ទឹកតូចធ្វើឲ្យការនេសាទរបស់ពួកគាត់ប្រឈមច្រើន និងរកត្រីពុំសូវបានឡើយ។ អ្វីដែលជាបញ្ហារឹតតែពិបាកថែមទៀតនោះ គឺតែងរងការគាបយកលុយជាបន្តបន្ទាប់ ពីសំណាក់មន្រ្តីរដ្ឋបាលជលផល។ បើពុំព្រមបង់ឲ្យទេកុំសង្ឃឹមថា បានរកស៊ី ព្រមទាំងទទួលរងការចាប់ផាកពិន័យរាប់លានរៀល និងរងការប្រើអំពើហិង្សាមិនខានឡើយ។
ប្រជាពរដ្ឋទាំងនោះ បានលើកឡើងប្រាប់ឲ្យភ្នាក់ងារព័ត៌មាន Fresh News ថា ពួកគាត់បានចំណាយដើមទុនចាប់ពីជាង ៣លានរៀលឡើងទៅក្នុងការទិញឧបករណ៍ណារ៉ាវ ដើម្បីនេសាទត្រី ប៉ុន្តែនៅរដូវទឹកឡើងក្នុងឆ្នាំ២០២១នេះ ទឹកតូចនេសាទពុំសូវបានផលនោះទេ ហើយអ្វីដែលជួបការលំមួយកម្រិតធំថែមទៀតនោះពេលកំពុងតែសាទអត់បានផង បែរជាត្រូវទទួលរងការគាបសង្កត់យកលុយពីក្រុមរដ្ឋបាលជលផលថែមទៀត។
ពួកគាត់បានបន្តទៀតថា ខាងរដ្ឋបានជលផលមាន២ក្រុម ដែលបានចេញធ្វើសកម្មភាពយកលុយពីពួកគាត់ រួមមាន៖
*ទី១៖ រដ្ឋបាលជលផលចតុមុខ ដឹកនាំមន្រ្តីម្នាក់ឈ្មោះ ចេតនា យកក្នុង១ទូកចំនួន ១៥ម៉ឺនរៀល
*ទី២៖ រដ្ឋបាលជលផលស្រុកអង្គរបុរី យក១ទូកចំនួន២៥ម៉ឺនរៀល។ ហើយបើគ្មានលុយបង់ឲ្យទេកុំសង្ឃឹមថា បានរកស៊ីស្រួលឲ្យសោះ ហើយស្រួលមិនស្រួលត្រូវមន្រ្តីទាំងនេះចាប់រឹបអូសយកឧបករណ៍នេសាទទៅបាត់ ថែមទាំងត្រូវទទួលរងការផាកពិន័យជាប្រាក់ចាប់ពី ២ទៅ៣លានរៀល ពេលខ្លះប្រើអំពើហិង្សាដាក់ពួកគាត់ថែមទៀតផងក៏មានដែរ។
ប្រជានេសាទបន្តទៀតថា ពួកគាត់បាននេសាទតែនៅក្នុងឡូតិ៍នេសាទលេខ១៤, ១៥ ,១៦ ,១៧ ,១៨ ជាដើម។ ឡូតិ៍នេសាទទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល បើកឲ្យប្រជាពលរដ្ឋរកស៊ីនេសាទត្រី ដោយសេរីកាលពីឆ្នាំ២០០៧ ។ លើកលែងតែតំបន់អភិរក្សដែលមានសត្វស្លាបរស់នៅ និងព្រៃលិចទឹកសម្រាប់ត្រីពង និងកូនដែលពុំអាចប៉ះពាល់បានឡើយ ម្យ៉ាងទៀតការនេសាទដោយការដាក់ណារ៉ាវនេះ មិនប៉ះពាល់ដល់របាំងនៅលើទឹក នោះទេ គឺដាក់នៅបាតដីឯណោះ ប៉ុន្តែពុំដឹងថា ល្មើសទៅនិងអ្វីនោះទេទើបក្រុមមន្រ្តីទាំងអស់ខាងលើនោះតែងនាំគ្នាគាប់សង្កត់យកលុយអត់ឈប់បែបនេះ។
ប្រជានេសាទបាននិយាយទៀតថា សម្រាប់ដើមទុនរកស៊ីចំពោះអ្នកធូរធាមិនអីទេ អាចយកប្រាក់ផ្ទាល់ខ្លួនទៅទិញឧបករណ៍នេសាទត្រីបានស្រួលហើយ ទោះរកបានឬពុំបានអត់ឈឺក្បាលដែរ។ ប៉ុន្តែចំពោះអ្នកអត់វិញ ត្រូវខ្ចីចងការលុយគយកមកទិញឧបករណ៍នេសាទ ដើម្បីរកប្រាក់ចិញ្ចឹមឆ្នាំងបាយ និងត្រូវបង់លុយឲ្យគេរាល់ថ្ងៃឬខែ ហើយបើរកបានមិនអីនោះទេ។ តែបើរកពុំបានវិញពិតជាលំបាកខ្លាំងណាស់ ហើយគួបផ្សំ និងការគាបយកលុយពីក្រុមរដ្ឋបាលជលផលខាងលើ និងនគរបាលមួយចំនួនផងនោះ ពិតជាយ៉ាប់រកថ្លែងពុំបានឡើយ។ ដូច្នេះពួកគាត់សូមទទូចដល់មន្រ្តីពាក់ព័ន្ធនានាមេត្តាជួយគិតគូពីទុក្ខលំបាកនេះផង។
ទាក់ទងទៅនិងការលើកឡើងពីទុក្ខលំបាករបស់បងប្អូនប្រជានេសាទទាំងនោះអង្គភាពសារព័ត៌មាន Fresh News ពុំទាន់អាចទទួលបានការបំភ្លឺណាមួយពីខាងរដ្ឋបាលជលផលចតុមុខ និងរដ្ឋបាលជលផលស្រុកអង្គរបុរីនៅឡើយទេ៕