(ភ្នំពេញ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាលើកទី៧ ត្រូវបាននាំយកមកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារទៀត នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងរីករាលដាលក្នុងប្រទេស។

ពិធីចែកអំណោយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោកស្រី អ៊ឹម ថាវី ប្រធានអនុសាខាកាកាបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ លោកលោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេណវត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

លោកបានលើកឡើងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

លោកក៏សូមអំពាវនាវដល់គ្រួសារទាំងអស់ បន្តការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

គួសបញ្ជាក់ថា នៅក្នុងខែសីហានេះសង្កាត់ទាំង៧ របស់ខណ្ឌពោធិ៍សែនជ័យ ត្រូវបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ ក្នុង១សង្កាត់ៗ។ អំណោយផ្តល់ជូននៅពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីវអ៊ីវ១យួរ ត្រីខ១យួរ ម៉ាស់១ប្រអប់ រួមនិងថវិកា ៣០០០០រៀលផងដែរ៕