(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា «យុទ្ធនាការ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺគិតចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយចាប់ផ្តើមពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១១៖០០នាទី, ពេលរសៀលចាប់ពីម៉ោង១៣៖០០នាទីរសៀលដល់ម៉ោង១៦៖០០នាទីល្ងាច ដែលមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងចំនួន ៤០កន្លែង ក្រុង/ស្រុកនីមួយៗ ក្នុងខេត្តកំពង់ធំ»។
រដ្ឋបាលខេត្ត ក៏បានក្រើនរំឮកដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូបនាំបុត្រធីតា ឬសាច់ញាតិមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំង ពេលវេលាដែលបានកំណត់ដោយឥតគិតថ្លៃ និងត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖
ទី១៖ កុមារអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
ទី២៖ យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់១៧ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
បន្ថែមពីនេះទៀត ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖
*មាតាបិតា និងអាណាព្យាបាល។ ក្នុងករណី កុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬ អាណាព្យាបាល តម្រូវឱ្យមាតាបិតា ឬអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះជា លាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិដើម្បីផ្ដល់ឱ្យ គ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់។
*អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។
*ក្នុងករណីកុមារ ឬយុវវ័យនោះជាជនអនាថាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ធំ៖