(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនគរបាលជាតិ ចំនួន៤៨៦នាក់ មកពីការិយាល័យជំនាញនានា ចំណុះឱ្យស្នងការដ្ឋាន និងអធិការដ្ឋានក្រុងបានលុង មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ AstreaZeneca នៅក្នុងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន និងកម្លាំងក្រោមឱវាទបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានស្វះស្វែងរកជំនួយ និងបញ្ជាទិញវ៉ាក់សាំងពីបរទេសមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ព្រះសង្ឃដោយឥតគិតថ្លៃបានឆាប់ហ័សទាន់សភាពការណ៍។
លោកស្នងការក៏បានណែនាំដល់កងកម្លាំងទាំងអស់ បើទោះបីទទួលបានវ៉ាក់សាំងដូសទី៣ រួចរាល់ហើយក្តី ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេសមេរោគបំប្លែងថ្មី Delta ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា៕