(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីក្រុមហ៊ុន «គូបូតា ផល្លា រិទ្ធី» សាខាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងដំណាក់កាលជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។
អំណោយដែលក្រុមហ៊ុន «គូបូតា ផល្លា រិទ្ធី» សាខាកំពង់ឆ្នាំង ឧបត្ថម្ភជូនរដ្ឋបាលខេត្ត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ រួមមាន៖ អង្ករចំនួន ០៣តោន, ទឹកសុទ្ធវីតាល់ចំនួន១០០ កេស, មីម៉ាម៉ាចំនួន ១០កេសធំ, ម៉ាស់ចំនួន ២៥០ប្រអប់, អាល់កុលចំនួន០៥កាន និងថវិកាចំនួន ១០លានរៀល។
ប្រធានក្រុមហ៊ុន បានលើកឡើងថា ការចូលរួមផ្តល់អំណោយខាងលើនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវអង្ករ និងសម្ភារៈសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនពួកគាត់ កំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ តាមមណ្ឌលព្យាបាលនៅក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយប្រធានក្រុមហ៊ុន «គូបូតា ផល្លា រិទ្ធី» ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋយើងដែលបានរងគ្រោះដោយសារជំងឺកូវីដ១៩ ក្នុងខេត្តទាំងមូលផងដែរ។
លោកបានក៏ជូនពរដល់ក្រុមហ៊ុន «គូបូតា ផល្លា រិទ្ធី» សូមឱ្យជោគជ័យក្នុងការប្រកបអាជីវកម្មលក់ដូរឱ្យកាន់តែជោគជ័យនឹងប្រសើរឡើងថែមទៀត។
លោកអភិបាលខេត្ត បានបន្តថា អំណោយដែលបានមកពីសប្បុរសជនរដ្ឋបាលខេត្ត ត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលព្យាបាលជំងឺ និងតាមមណ្ឌលចត្តាឡីស័ក និងពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗទៀតផងដែរ៕