(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង នារសៀលថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកអំណោយ រួមមានស្បៀង ព្រមទាំងថវិកាជូនដល់ក្រុមគ្រូពេទ្យជួរមុខនៃស្រុកប្រតិបត្តិស្វាយរៀង ចំនួន៩នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នាឱកាសនោះដែរ លោកវេជ្ជបណ្ឌិត កែវ រដ្ឋា បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលលោកស្រីតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់។

លោកក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយការលះបង់នេះ ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តក៏ដូចជារដ្ឋបាលខេត្ត នឹងចងចាំមិនអាចបំភ្លេចបានឡើយនូវគំរូវីរភាពដ៏អង់អាចក្លាហានក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ជាក់ឱ្យឃើញថាកងទ័ពអាវ-ស បានចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏អង់អាច ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។

លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើឱ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យាបាលអ្នកជំងឺ។

អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន៖ ថវិកាចំនួន ១លានរៀល មី ១កេស ទឹកដោះគោឆៅ ១ឡូ ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកសម្លាប់មេរោគ ៥លីត្រ សាប៊ូ ៥ដុំ។

សូមបញ្ជាក់ថា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អំណោយជាស្បៀង និងថវិកាដល់ក្រុមគ្រូពេទ្យជួរមុខដែលឆ្លងជំងឺកូវីដ-១៩ ចំនួន៦២នាក់ នៅតាមបណ្ដាស្រុកប្រតិបត្តិ នៃខេត្តស្វាយរៀង ដែលត្រូវបានព្យាបាលជាសះស្បើយហើយនោះ ដើម្បីឱ្យមន្ទីរសុខាភិបាលខេត្តនាំទៅចែកជូនផ្ទាល់ដៃផងដែរ៕