(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៩៣នាក់ ជាសះស្បើយ ៧៩នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានបង្ហាញអត្តសញ្ញាណអ្នកជំងឺខាងលើ រួមមាន ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី២ ដល់ទី៧៦ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។

ចំពោះករណីទី៧៧ ដល់ករណីទី៨២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ដោយឡែក ករណីទី៨៣ ដល់ករណីទី៩៣ គឺជាករណីឆ្លងបន្តពីអាជីវករទៅទិញផ្លែឈើ និងគ្រឿងសមុទ្រពីផ្សារបានឡែម។

ចំណែកអ្នកជាសះស្បើយទាំង៧៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

រីឯករណីស្លាប់ រួមមាន ទី១- ឈ្មោះ លន់ រួប ភេទប្រុស អាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែ និងបានស្លាប់ នៅថ្ងៃទី១៥ ខែសីហា ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ទី២- ឈ្មោះ ម៉ី លីលី ភេទស្រី អាយុ៦០ឆ្នាំ អាសយដ្ឋាននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែសីហានិងបានស្លាប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦,២៩៥នាក់ បានព្យាបាលជាសះស្បើយចំនួន៤,៦៣៧នាក់ ស្លាប់៧៥នាក់ និង១,៥៨៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕